ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទង់ជាតិកម្ពុជាទី២ បានបង្ហូតលើទឹកដីអាមេរិក បន្ទាប់កីឡាការិនីប៉េតង់កម្ពុជា កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានឈ្នះលើវិញ្ញាសា ២នាក់ទល់២នាក់ ក្នុងព្រឹត្តិការណ៍ The World Games Games 2022 នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។

កីឡាការិនីកម្ពុជា ទាំង២រូបនេះ បានយកឈ្នះក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយពិន្ទុ ៧ទល់៥ លើវិញ្ញាសាវាយគូ ២នាក់ ទល់ ២នាក់ នៅវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ (ម៉ោងនៅកម្ពុជា)។

សូមបញ្ចាក់ថា វិញ្ញាសាវាយគូនារីនេះ គឺមានបេក្ខភាព ៨ក្រុម ចូលរួម ដោយបែងចែកជា ២ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល A ជាមួយបារាំង កាណាដា និងដាណឺម៉ាក ឯពូល B មានអាល្លឺម៉ង់ ប៊ែលហ្ស៊ិក ថៃ និងម្ចាស់ផ្ទះអាមេរិក។ រូបមន្ដប្រកួត គឺប្រើប្រព័ន្ធប្រកួតវិលជុំ ក្នុងពូលនីមួយៗ ហើយក្រុមឈរលេខ១ ក្នុងពូល ត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមឈរលេខ២ និងលេខ៣ នៃពូលនីមួយៗ ត្រូវជួបគ្នា ដើម្បីរកអ្នកឈ្នះឡើង បង្គ្រប់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លទ្ធផលនៃការប្រកួតជុំដំបូង ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមកីឡាការិនី ដាណឺម៉ាក ក្នុងពិន្ទុ ១៣ទល់៥ តែបានចាញ់បារាំង ៧ទល់៩។ កត្តានេះហើយដែលនាំឲ្យកម្ពុជា ជួបក្រុមដាណឺម៉ាកជាថ្មី តែកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បន្ដធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះក្រុមដាណឺម៉ាក ក្នុងពិន្ទុ ១៣ទល់៤ ដើម្បីឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ជាមួយក្រុមបារាំង ដែលឈរលេខ១ ក្នុងពូល។ រីឯពូល B គឺមានក្រុមថៃ ឈរលេខ១ និងអាល្លឺម៉ង ឈរលេខ២។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមកីឡាការិនីកម្ពុជា បានបង្កការភ្ញាក់ផ្អើល ដោយបានយក ឈ្នះក្រុមខ្លាំងថៃ ដោយពិន្ទុ ១២ទល់១០ ហើយឡើងទៅជួបក្រុមបារាំងជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីបារាំង បានយកឈ្នះក្រុមអាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចគ្នា ដោយពិន្ទុ ១៣ទល់៣នោះ។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីឆ្នើមរបស់កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យ ក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ខកចិត្តវិញ បន្ទាប់ពីក្រុមកម្ពុជា សងសឹកបានវិញ ជាមួយការយកឈ្នះ ក្នុងលទ្ធផល ៧-៥ ពិន្ទុ ដើម្បីគ្រងមេដាយមាស លើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ នៃព្រឹត្តិការណ៍ The World Games 2022 នៅអាមេរិក ដ្បិតកាលពីវគ្គសន្សំពិន្ទុ ក្នុងពូល កម្ពុជា បានចាញ់បារាំង ៩-៧ ពិន្ទុ។

មេដាយមាសទី២ នៃការបង្ហាញខ្លួនលើកដំបូង របស់ក្រុមកីឡាប៉េតង់ ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ឆ្នាំ២០២២ ខណៈមេដាយមាសទី១ គឺដណ្ដើមបានដោយ កីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាវាយយកពិន្ទុ បន្ទាប់ពីយកឈ្នះកីឡាការិនី ម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១ទល់២១ពិន្ទុ កាលពីម្សិលមិញ៕/V-PC