ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មួយសន្ទុះបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានមកដល់នៅទីក្រុងតែលអាវីវកាលពីថ្ងៃពុធទី១៣កក្កដាយោធាអ៊ីស្រាអែលបានបង្ហាញគាត់នូវអាវុធថ្មី ដែលអ៊ីស្រាអែលនិយាយថាមានសារៈសំខាន់ក្នុងការប្រឈមមុខនឹងអ៊ីរ៉ង់ នោះគឺ ឡាស៊ែរប្រឆាំងដ្រូន។
ខណៈអ៊ីស្រាអែលត្រូវគេដឹងជាយូរមកហើយសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរារាំងមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ មន្ត្រីអ៊ីស្រាអែលបាននិងកំពុងបង្កើនការព្រួយបារម្ភខ្លាំងឡើងចំពោះកងដ្រូនរបស់អ៊ីរ៉ង់ (UAVs) ។
កាលពីដើមខែនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់ដ្រូនចំនួនបួនគ្រឿងដែលធ្វើដំណើរឆ្ពោះទៅរកកន្លែងខួងយកឧស្ម័ននៅឯនាយសមុទ្រ ដោយអះអាងថាពួកវាផលិតដោយអ៊ីរ៉ង់ និងបាញ់បង្ហោះដោយក្រុមហេសប៊ូឡា (Hezbollah)នៅលីបង់ ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។
ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសង្គ្រាមដ្រូន អ៊ីស្រាអែលសង្ឃឹមថាប្រព័ន្ធ Iron Beam ថ្មីនឹងធានាការពារផ្ទៃមេឃរបស់ខ្លួន។
ខណៈមិនទាន់ដំណើរការនៅឡើយ អាវុធយោធាថ្មីនេះត្រូវបានពណ៌នាថាជា “អ្នកផ្លាស់ប្តូរស្ថានការណ៍” កាលពីខែមេសាដោយនាយករដ្ឋមន្ត្រីនៅគ្រានោះ គឺលោក ណាហ្វតាលី បិនណេត (Naftali Bennett) ។
កាលពីថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបានបង្ហាញលោកបៃដិននូវវីដេអូអំពីការស្ទាក់ចាប់ដ្រូនដោយប្រព័ន្ធការពារ Iron Domeដែលមានស្រាប់ និងប្រព័ន្ធ Iron Beamដែលប្រើបច្ចេកវិជ្ជាឡាស៊ែរ។
លោក ដានីញែល ហ្គោល (Daniel Gold) ប្រធានផ្នែកស្រាវជ្រាវនៅក្រសួងការពារជាតិអ៊ីស្រាអែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “វា (Iron Beam)នឹងដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត វានឹងស្ថិតនៅលើដី ដោយរួមបញ្ចូលជាមួយប្រព័ន្ធ Iron Dome” ។
លោកបាននិយាយថា ប្រព័ន្ធទាំងពីរនឹង “បំពេញគ្នាទៅវិញទៅមក”។
លោកបាននិយាយថា “ពួកវានឹងធ្វើការជាមួយគ្នា ខួរក្បាលរបស់ Iron Dome ដែលជាទីបញ្ជាការនិងការគ្រប់គ្រងបញ្ជានឹងសម្រេចចិត្តទាន់ពេលវេលាជាក់ស្តែងថាតើអ្នកណានឹងបាញ់ឡាស៊ែរឬកាំជ្រួច”។
ការបង្ហាញបច្ចេកវិជ្ជាបែបនេះដល់លោកបៃដិនគឺជាចំណាត់ការយុទ្ធសាស្ត្រមួយសម្រាប់អ៊ីស្រាអែលដែលមើលឃើញទីក្រុងវ៉ាស៊ីនតោនយល់ព្រមលើកញ្ចប់ថវិការាប់ពាន់លានដុល្លារនៅក្នុងខែកញ្ញាសម្រាប់ទិញប្រព័ន្ធ Iron Dome៕
លោកបៃដិនមកដល់អ៊ីស្រាអែលកាលពីថ្ងៃពុធ និងដើរមើលប្រព័ន្ធ Iron Beam