ដោយៈ ប.ខុន / ភ្នំពេញៈ ស្ថានភាពខ្យល់ នៅតំបន់មាត់សមុទ្រ ថយឥទ្ធិពលពីជាង ៣០ ម៉ែត្រ មកនៅជាង ១០ ម៉ែត្រ ក្នុងមួយវិនាទី តែភ្លៀងនៅតែបន្តមានធ្លាក់ច្រើន នៅតំបន់មាត់សមុទ្រ រហូតដល់ថ្ងៃទី១៧ ខែកក្កដា។ ភ្លៀងធ្លាក់លើក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃកន្លងទៅ មានកម្រិតដល់ជាង ៣០០ មីលីម៉ែត្រ តែមិនបង្កឱ្យមានការលិចលង់ទេ ដោយសារលូប្រឡាយ និងអូរ ត្រូវបានគេសម្អាតជាប្រចាំ ខ្យល់ខ្លាំងបង្កជារលក ដល់កម្ពស់ ជាង ៣ ម៉ែត្រ នាំយកខ្សាច់ មកចាក់គ្របលើផ្លូវឆ្នេរអូរត្រេះ និងកប៉ាល់ដឹកទំនិញ ពីរគ្រឿង បានត្រូវខ្យល់បក់បោក នាំយកមកដាក់ នៅលើឆ្នេរ ព្រៃត្រែង និងឆ្នេរកោះតាង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៤ ខែកក្កដាថាៈ ខ្យល់លើផ្ទៃសមុទ្រ នៅថ្ងៃនេះ (១៤កក្កដា) បានថយឥទ្ធិពលទៅវិញហើយ បើធៀបទៅនឹងពីរបីថ្ងៃកន្លងទៅ ដែលមានល្បឿន ដល់ទៅជាង​ ៣០ ម៉ែត្រ ក្នុងមួយវិនាទី ពេលនេះនៅសល់ជាង ១០ ម៉ែត្រ ក៏នៅតែខ្លាំងដែរ បើធៀបទៅនឹងពេលធម្មតានោះ។ ប៉ុន្តែស្ថានភាពភ្លៀង នៅតំបន់មាត់សមុទ្រ នៅតែមានបរិមាណច្រើន រហូតដល់ថ្ងៃទី១៧ ខែកក្កដា តែខ្យល់មិនខ្លាំងទេ។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៤ ខែកក្កដាថាៈ ភ្លៀងធ្លាក់រយៈពេល៣ថ្ងៃ កន្លងទៅនេះ នៅក្រុងព្រះសីហនុ មានបរិមាណ ដល់កម្រិតជាង ៣០ មីលីម៉ែត្រ តែមិនបង្កឱ្យមានការលិច លង់ នៅក្នុងក្រុងទេ ដោយសារភ្លៀង ធ្លាក់មិនគំហុក និងម្យ៉ាងអូរ ប្រឡាយ មាត់លូ បានស្តារ និងសម្អាតជាប្រចាំ តាមផែនការរបស់លោកអភិបាលខេត្ត។

លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ​ ភ្លៀងច្រើន ខ្យល់ខ្លាំង ពីរ បី ថ្ងៃកន្លងទៅនេះ នៅខេត្តព្រះសីហនុ មិនដែលឃើញពន្លឺថ្ងៃទេ តែថ្ងៃនេះ ឃើញមានពន្លឺថ្ងៃខ្លះ។ រលកនៅ សមុទ្រ មានកម្ពស់ដល់ជាង ៣ ម៉ែត្រ គឺខ្ពស់សឹងមិនធ្លាប់មាននៅតានឆ្នេរ​។ កប៉ាល់ដឹកទំនិញ ចំនួនពីរគ្រឿង បានត្រូវខ្យល់បក់បោក នាំយកមកដាក់ នៅលើឆ្នេរ ដោយមួយគ្រឿង នៅកោះតាង និងមួយគ្រឿង នៅឆ្នេរព្រៃត្រែង។ ផ្លូវថ្មើរជើង និងផ្លូវតាមឆ្នេរអូរត្រេះ គ្របពេញ ដោយខ្សាច់បក់មកពីតាមឆ្នេរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថាៈ ខ្សាច់ដែលបានផាត់ដោយកម្លាំងខ្យល់ និងទឹករលកមកគ្របពេញលើផ្លូវ ឆ្នេរអូរត្រេះ មិនទាន់បានសម្អាតនៅឡើយទេ ដោយសារភ្លៀង និងខ្យល់ទើបតែស្ងប់ តែបានចាត់ចែងកម្លាំងត្រៀមសម្អាត នៅពេលស្ងប់ខ្យល់ និងភ្លៀងហើយ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី១៤ ខែកក្កដាថាៈ ខ្សាច់ដែលផាត់ពីតាមឆ្នេរ មកគ្របលើផ្លូវថ្មើរជើង និងផ្លូវឆ្នេរអូរត្រេះ កំពុងរៀបចំ កម្លាំងចេញទៅសម្អាតហើយ បន្ទាប់ពីមេឃមានពន្លឺថ្ងៃខ្លះនៅថ្ងៃនេះ។ រយៈពេលបី បួន ថ្ងៃកន្លងទៅ មិនដែលឃើញពន្លឺថ្ងៃទេ គឺមានភ្លៀងរលឹម រហូតជាមួយនឹង ខ្យល់បក់បោកខ្លាំង សឹងថាមិនធ្លាប់ជួបពីមុនមក៕/V-PC