ដោយ៖ដេប៉ូ / ភ្នំពេញ៖ «ការបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ គឺជាការពង្រឹងសមត្ថភាព បន្ថែម និងកសាងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍ ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សម្រាប់ក្រសួងបរិស្ថាន»។ នេះគឺជាការបញ្ជាក់ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ។

ថ្លែងនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមជាអធិបតី បើកវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេតប្រឆាំងនឹងការសម្អាតប្រាក់ ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក នេត្រ ភក្រ្តា បានឱ្យដឹងថាៈ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងមានការតាំងចិត្តខ្ពស់ ក្នុងការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទាន នាំឱ្យរីកសាយភាយអាវុធ មហាប្រល័យ តាមរយៈយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍ ដែលក្រសួង ស្ថាប័ន​អនុវត្តច្បាប់ បានរៀបចំឡើង សំដៅធានានិរន្តរភាព នៃការប្រឆាំងការសម្អាតប្រាក់ ការពារប្រព័ន្ធហិរញ្ញវត្ថុ កម្ពុជា ធ្វើឱ្យកាន់តែមានតម្លាភាព ជំនឿទុកចិត្ត ក៏ដូចជារួមចំណែក ដោះស្រាយបញ្ហា សន្តិសុខរួម របស់ពិភពលោក។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថាៈ ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្ម ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការ និងប្រព័ន្ធការងារ អចិន្ត្រៃយ៍ របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់បទល្មើស នៃការសម្អាតប្រាក់។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាៈច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាឧបករណ៍គតិយុត្ត ដ៏មានតម្លៃ ដែលត្រូវបានប្រើប្រាស់ ក្នុងការចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះដែលកម្ពុជាមាន បន្ថែមពីលើច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។

លោក រដ្ឋលេខាធិការ បានថ្លែងថាៈ បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ លែងកើតមានទៀតហើយ​គឺនៅមានបទល្មើសខ្នាតតូច ដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាប។ ចំណែកបទល្មើសជួញដូរសត្វព្រៃ ក្នុងស្រុក ជាបទល្មើសប្រពៃណី សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដែលមន្ត្រីជំនាញ បន្តទប់ស្កាត់។ ទន្ទឹមនឹងការពង្រឹងវិធានការ ច្បាប់ វិធានការសេដ្ឋកិច្ច ក៏បានដើរតួនាទីសំខាន់ដែរ ហើយក្រសួងបរិស្ថាន បាននិងកំពុងដាក់ ចុះនូវផែនការផ្សេងៗ ដូចជាការវិញ្ចឹមសត្វ ផ្គត់ផ្គង់គ្រួសារ និងសហគមន៍ ការបង្កើតមុខរបរ ដើម្បីបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋាន សំដៅកាត់បន្ថយសម្ពាធ លើធនធានធម្មជាតិ និងបង្កើនប្រសិទ្ធភាពការងារអភិរក្ស៕/V-PC