ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ការផ្ទុះគ្រាប់បែកនៅផ្សារទំនើបមួយក្នុងទីក្រុងយ៉ាងហ្គោនរបស់មីយ៉ាន់ម៉ាបានសម្លាប់មនុស្សពីរនាក់និងបង្ករបួសមនុស្ស១១នាក់ទៀត នេះបើតាមអ្នកជួយសង្គ្រោះនិងសារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ។
មិនមានក្រុមណាមួយចេញមកប្រកាសអះអាងទទួលខុសត្រូវចំពោះការផ្ទុះកាលពីរសៀលថ្ងៃអង្គារនេះទេ នៅពេលប្រទេសប្រារព្វបុណ្យសាសនាមួយ។
សមាជិកម្នាក់ក្នុងក្រុងសង្គ្រោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា« នៅពេលយើងបានទៅដល់ទីនោះ អ្នករងរបួសនៅដេកអង្គុយពេញទីនោះ ដោយឈាមប្រឡាក់លើផ្លូវដើរ។យោងតាមព័ត៌មានដែលយើងប្រមូលបាន មនុស្ស១១នាក់រងរបួស និងពីរនាក់បានស្លាប់»។
សូមបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារកាលពីដើមឆ្នាំមុន ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជន(PDF)ដែលប្រកាសឡើងដោយខ្លួនឯង ផ្តោតការវាយប្រហារលើទាហាននិងមន្ត្រីឬអង្គការដែលធ្វើការអោយរដ្ឋាភិបាលយោធា ។
សារព័ត៌មានក្នុងស្រុកបាននិយាយថា មនុស្សពីរនាក់បានស្លាប់នៅមន្ទីរពេទ្យ នៅពេលក្រុមជួយសង្គ្រោះមួយទៀតបាននិយាយថា ខ្លួនបាននាំមនុស្សប្រាំមួយនាក់ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសដែលមិនគំរាមដល់ជីវិត។
កាលពីខែឧសភា ការផ្ទុះមួយនៅក្បែរចំណតរថយន្តក្រុងមួយក្នុងក្រុងយ៉ាងហ្គោន បានសម្លាប់មនុស្សម្នាក់និងរបួសប្រាំបួននាក់។រដ្ឋាភិបាលក្រោយមកបាននិយាយថា គ្រាប់បែកបានផ្ទុះដោយចៃដន្យនិងជនរងគ្រោះជាអ្នកផលិតគ្រាប់បែកក្នុងក្រុមPDF ដែលខ្លួនប្រកាសចាត់ទុកជាក្រុមភេរវកម្ម។
បើតាមអង្គការឃ្លាំមើលមួយ មនុស្សជាង២.០០០នាក់ត្រូវបានសម្លាប់ និងយ៉ាងតិច១៤.០០០នាក់ត្រូវកងកម្លាំងនៃរដ្ឋាភិបាលបច្ចុប្បន្នចាប់ខ្លួនក្នុងការបង្ក្រាបលើក្រុមប្រឆាំងចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១៕
វត្តមានប៉ូលិសនៅក្រៅផ្សារដែលផ្ទុះគ្រាប់បែក។នៅមិនទាន់មានក្រុមណាចេញមកអះអាងទទួលខុសត្រូវចំពោះការផ្ទុះនៅក្រុងយ៉ាងហ្គោននេះនៅឡើយទេ