ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពី ជិះម៉ូតូ ត្រូវរថយន្តបុកអូស នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៧០-៧១ ស្ថិតក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលា ម៉ោង ១២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ ជនរងគ្រោះដែលបានស្លាប់នោះ មានឈ្មោះ មុំ វ៉ាន់នី ភេទប្រុសអាយុ ៣៤ ឆ្នាំ មានលំនៅ នៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ។
ប្រភពបានបញ្ជាក់ថាៈ មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១B ០២៦៩ បើកបរពីទិសខាងកើត ទៅទិស ខាងលិចមកដល់ចំណុចកើតហេតុ ខាងលើ ត្រូរថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣F-៤៧៨៤ សណ្ដោងសឺមីរ៉ុម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A-៤១៦១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងលិច ទៅទិសខាងកើត បុកម៉ូតូពេញទំហឹង និងអូស បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗតែម្តង ។
ប្រភពបានបន្តទៀតថាៈក្រោយកើតហេតុ មន្ត្រីជំនាញ បានវាស់វែង ព្រមទាំង ប្រគល់សព ជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងទាំង២ យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីអនុវត្តបន្ត តាមនីតិវិធី៕/V-PC