ដោយៈ​ស​រិ​ទ្ធ / បាត់ដំបងៈ មន្ត្រីនគរបាល​មួយរូប បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែង កើតហេតុ បន្ទាប់ពី​បាន​ជួប​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​១០៣ និង ១០៤ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​កើតឡើង​រវាង រថយន្ត​និង​ម៉ូតូ ក្នុងទិសដៅ​ច្រាសទិស​គ្នា ដោយ​រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-1550 បើក​ពី​ទិសខាងកើត ទៅខាង​លិច ហើយ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា Zoomer ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-9848 ជិះ​ម្នាក់ឯង បើក​ពី​ខាងលិច​ទៅខាង​កើត ដោយ​អ្នកបើកបរ មានឈ្មោះ សៀង នេ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង មុខរបរ ជា​មន្ត្រីនគរបាល បណ្តាលឱ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ (​គ្មាន​ពាក់មួក​សុវត្ថិភាព​) ។​

​ក្រោយពេល​កើតហេតុ កម្លាំង​សណ្តាប់ធ្នាប់​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ប្រគល់​សព ទៅអោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ ។ ដោយឡែក អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន បាត់ស្រមោល​៕/V​-PC