ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជារដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ពិសេសជំរុញសន្ទុះនៃវិស័យទេសចរ ណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុ្នងដំណាក់កាលទី២ (ឆមាសទី ២ ឆ្នាំ ២០២២-២០២៣)នេះឱ្យប្រសីរឡើងវិញ បានដាក់ ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖

ទី១. ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះក្រុមការងារ រាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ។ក្រសួងទេសចរណ៍ ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ ។

ទី២. បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាននិង កម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យទេស ចរណ៍ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍សំដៅឈានដល់ការអភិវឌ្ឍ “ទេសចរណ៍ឆ្លាត”ប្រកបដោយចីរភាព ភាពធន់និងបរិយាបន្ន ។

ទី៣.បង្កើនភាពទាក់ទាញគោលដៅកម្ពុជាសម្រាប់ទីផ្សារ ទេសចរណ៍ជាតិនិងអន្តរជាតិតាមរយៈបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពនិងនីតិវិធីប្រតិ បត្តិស្តង់ដាអប្បបរមា(SOP ) តាមគន្លងប្រក្រតីភាពថ្មីជំរុញពិពិធកម្មគោលដៅផលិតផលនិងសេវាកម្មទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់ ។ត្រូវសិក្សាប្រភពទីផ្សារគោល ដៅដែលមានសក្តានុពលនិងចាប់យកបច្ចេកវិទ្យាឌីជីថលទាំងរដ្ឋនិងវិស័យឯកជនពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ។

ទី៤.ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មីដើម្បីបន្តធានានូវភាពធន់ក្នុងវិស័យទេសចរណ៍ដែលជា “មាសបៃតង”របស់កម្ពុជា ។ ក្រសួងទេស ចរណ៍ និងគណៈ -កម្មា ធិការជាតិអភិវឌ្ឍទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសិក្សាបង្កើតវេទិការួមអចិន្ត្រៃយ៍សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗដើម្បី “រួមគិត រួមធ្វើរួមទទួល ខុសត្រូវទាំងអស់គ្នា”និងត្រូវពង្រឹងយន្តការ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ។

ទី៥. បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង :ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី”និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១ -២០២៣ ” ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ទី៦. ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា ។ ក្រសួង ទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការ គ្នាឱ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់ នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គ តែមួយ” ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ចូលមកកម្ពុជាពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗនៅក្នុងតំបន់ និងសកលលោក ។

ទី៧. ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ខ្ញុំស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023)ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។សូមក្រសួង-ស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ “កម្ពុជាស្អាត” និង “ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ”ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមនិង អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផង ។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅវអនុសាសន៍នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ឆ្នាំ ២០២២និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុ្នងដំណាក់កាលទី២ (ឆមាសទី ២ ឆ្នាំ ២០២២-២០២៣) ៕