​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ប៊ី​ល ហ្គេត ដែល​មាន​ការព្រួយបារម្ភ​អំពី “​ការ​រងទុក្ខវេទនា​” ដែល​បណ្តាល​មក​ពី​វិបត្តិ​ជា​សកល រួម​ទាំង​ជំងឺ​រាតត្បាត​កូវី​ដ​១៩​បាន​ប្រកាស​កាលពី​​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​ថា លោក​នឹង​បរិច្ចាគ​ប្រាក់ ២០ ពាន់​លាន​ដុល្លារ​ដល់​អង្គការ​មូលនិធិ​របស់គាត់ ដូច្នេះ​អង្គការ​នឹង​អាច​បង្កើន​ការចំណាយ​ប្រចាំឆ្នាំ​របស់​ខ្លួន​។​

​ការបរិច្ចាគ​នេះ រួមជាមួយ​នឹង​ការបរិច្ចាគ ៣,១ ពាន់​លាន​ដុល្លារ​របស់​សមាជិក​ក្រុមប្រឹក្សាភិបាល​ដ៏​យូរលង់​ម្នាក់​របស់​ក្រុមហ៊ុន Berkshire Hathaway គឺ​នាយក​ប្រតិបត្តិ​លោក វ៉ារិន បា​ហ្វ​ហ្វិត (Warren Buffett) កាលពី​ខែ​មុន បាន​នាំឱ្យ​អំណោយទាន​មក​ដល់​អង្គការ The Bill and Melinda Gates Foundation ឈាន​ដល់​ប្រមាណ ៧០ ពាន់​លាន​ដុល្លារ​ដែល​ធ្វើឱ្យ​វា​ក្លាយ​​ជា​ការបរិច្ចាគ​ធំ​បំផុត​មួយ​ដោយ​ផ្អែក​លើ​ការវាយតម្លៃ​ភាគហ៊ុន​ប្រចាំថ្ងៃ ទោះ​មិនធំ​បំផុត​លើ​ពិភពលោក​ក្តី​។

​នៅក្នុង​អត្ថបទ​មួយ​នៅ​លើ​វេបសាយ​របស់​អង្គកា​រ លោក​ប៊ីល ហ្គេត​និយាយថា គាត់​សង្ឃឹមថា “​អ្នក​ផ្សេង​ទៀត​ដែល​មាន​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​និង​ឯកសិទ្ធិ​ខ្ពង់ខ្ពស់ នឹង​ចូលរួម​ចំណែក​នៅ​គ្រានេះ​ផងដែរ​”​។​

​អង្គការ​មូលនិធិ Gates គ្រោង​នឹង​បង្កើន​ថវិកា​ប្រចាំឆ្នាំ​របស់​ខ្លួន​ចំនួន ៥០ ភាគរយ​លើ​កម្រិត​មុន​ជំងឺ​រាតត្បាត​គឺ​រហូត​ដល់​ប្រហែល ៩ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៦​។​អង្គការ​សង្ឃឹមថា​ការចំណាយ​​កើនឡើង​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអប់រំ កាត់បន្ថយ​ភាពក្រីក្រ និង​ស្ដារ​វឌ្ឍនភាព​ជា​សកល​ឆ្ពោះ​ទៅរក​ការបញ្ចប់​ជំងឺ​ដែល​អាច​ទប់ស្កាត់បាន និង​សម្រេច​បាន​សមភាព​យេនឌ័រ​ដែល​ត្រូវបាន​​បញ្ឈប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​យោង​តាម​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) មនុស្ស ៧១ លាន​នាក់​ត្រូវ​បាន​រុញ​ចូលទៅក្នុង​ភាពក្រីក្រ​ចាប់តាំងពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាលពី​ខែ​កុម្ភៈ​ដែល​ភាគច្រើន​​គឺ​ដោយសារតែ​ការកើនឡើង​តម្លៃ​ម្ហូបអាហារ​និង​ថាមពល​។ គ្រួសារ​នៅ​តំបន់​បាល់​កង់ តំបន់​សមុទ្រ​កាស​ព្យែន (Caspian) និង​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក បាន​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​។ ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ថា ចំនួន​អ្នក​អត់ឃ្លាន​យ៉ាងធ្ងន់ធ្ងរ​ឥឡូវ​នេះ​មាន ៣៤៥ លាន​នាក់ ពោលគឺ​កើនឡើង ២៥​ភាគរយ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​៕

​លោក ប៊ី​ល ហ្គេត