ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កងទ័ពអាកាសអាម៉េរិកបានទទួលអាវុធឡាស៊ែរថាមពលខ្ពស់ ដែលអាចដឹកតាមយន្តហោះក្នុងទម្រង់ជាបំពង់។ ដំណឹងនេះបានកើតឡើងកាលពីថ្ងៃទី១១កក្កដា នៅពេលដែលក្រុមហ៊ុន Lockheed Martin បានលាតត្រដាងថា យ៉ាងហោចណាស់សព្វាវុធមួយ ដែលខ្លួនបានអភិវឌ្ឍ ត្រូវបានបញ្ជូនឱ្យទៅកងទ័ពអាកាសដើម្បីធ្វើការសាកល្បង។ កិច្ចខិតខំប្រឹងប្រែងនេះគឺស្ថិតនៅក្នុងក្របខណ្ឌដ៏ធំទូលាយនៃផែនការដែលកំពុងវិវឌ្ឍដើម្បីឱ្យមានយន្តហោះចម្បាំងប្រដាប់ដោយឡាស៊ែរដែលអាចបាញ់លើមីស៊ីលរបស់សត្រូវនិងគោលដៅផ្សេងទៀតផងដែរ។
របាយការណ៍ពីវេបសាយ Breaking Defense បានបញ្ជាក់ថា ក្រុមហ៊ុន Lockheed Martin បានប្រគល់អាវុធឡាស៊ែរថាមពលខ្ពស់ LANCEរបស់ខ្លួនឱ្យទៅកងទ័ពអាកាសក្នុងខែកុម្ភៈឆ្នាំនេះ។ នៅក្នុងបរិបទនេះ ឡាស៊ែរ LANCE តំណាងឱ្យ “ភាពរីកចម្រើននៃឡាស៊ែរសម្រាប់បរិស្ថានបង្រួមជំនាន់ក្រោយ”។ អ្នកទទួលអាវុធថ្មីនេះគឺមន្ទីរពិសោធន៍ស្រាវជ្រាវរបស់កងទ័ពអាកាស ឬ AFRL ដែលទទួលបន្ទុកក្នុងការអភិវឌ្ឍនិងរួមបញ្ចូលបច្ចេកវិជ្ជាថ្មីៗនៅលើអាកាស លំហ និងអាណាចក្រអ៊ីនធឺណិត។
លោក ថៃល័រ ហ្គ្រីហ្វហ្វ៊ីន (Tyler Griffin) នាយកប្រតិបត្តិក្រុមហ៊ុន Lockheed ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ឡាស៊ែរ LANCE “គឺជាឡាស៊ែរតូចបំផុត ស្រាលបំផុតនិងមានថាមពលខ្ពស់បំផុតនៃប្រភេទថាមពលបែបនេះ ដែលក្រុមហ៊ុន Lockheed Martin បានផលិតឡើងរហូតមកទល់បច្ចុប្បន្ន”។
ជាការពិត លោកហ្គ្រីហ្វហ្វ៊ីនបានបន្ថែមថា ឡាស៊ែរ LANCE គឺមាន “ទំហំមួយភាគប្រាំមួយ” នៃអាវុធថាមពលដែលបានផលិតពីមុនដោយក្រុមហ៊ុន Lockheed សម្រាប់កងទ័ព។ឡាស៊ែរកាលពីមុនគឺជាផ្នែកមួយនៃកម្មវិធី “គំនិតផ្តួចផ្តើមឡាស៊ែរអគ្គិសនីខ្លាំងក្លា” ហើយអាចបញ្ចេញកម្លាំងអគ្គិសនីនៅកម្រិត ៦០ គីឡូវ៉ាត់។ ទោះយ៉ាងណាគេមិនដឹងថាតើអាវុធឡាស៊ែរក្រោយនេះមានថាមពលកម្រិតប៉ុន្មាននោះទេ ប៉ុន្តែវាអាចនៅក្រោម ១០០ គីឡូវ៉ាត់៕
កងទ័ពអាកាសអាម៉េរិកបានទទួលអាវុធឡាស៊ែរថាមពលខ្ពស់កាលពីថ្ងៃទី១១កក្កដាឆ្នាំ២០២២