ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ តំណាង​ដ៍​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា អធិបតីភាព ប្រារព្ធ​ពិធី​ខួប​លើក​ទី​២៩ ទិវា​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២២ និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាគារ​សេនាធិការដ្ឋាន និង​សមិទ្ធផល​នានា នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ។​

​ក្នុង​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី តំណាង​ក្រសួង​ស្ថាប័ន តំណាងរាស្ត្រ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​សេនានុព័ន្ធ​យោធា ប្រទេស​ជា​មិត្ត រួម​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។​

​ក្នុង​ពិធី​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឡើង​អាន​សន្ទរកថា ពាក់ព័ន្ធ​នឹង​លទ្ធផល​ការងារ ដែល​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស បានសម្រេច​កន្លងមក ដើម្បី​ជម្រាប​ដល់​គណៈអធិបតី និង​ភ្ញៀវកិត្តិយស ដែល​អញ្ជើញ​ចូល​ក្នុងការ​កម្មវិធី ។​

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​រំលឹក​ខួប ២៩ ឆ្នាំ នៃ​ការបង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នេះដែរ កងរាជអាវុធហត្ថ ក៏មាន​ការដាក់​សម្ពោធ​អាគារ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដើម្បី​អបអរសាទរ​ដល់​ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤​កក្កដា ២០២២ ផងដែរ ។​

​កងរាជអាវុធហត្ថ គឺជា​អង្គភាព​ទ័ព​ជំនាញ​មួយ ជា​ផ្នែក​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ មាន​តួនាទី និង​ភារកិច្ច​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ ការពារ​កិត្តិយស និង​ផលប្រយោជន៍​យោធា និង​ផ្តល់​កម្លាំង​គាំទ្រ ក្រសួង ស្ថាប័ន ដើម្បី​ពង្រឹង​ការអនុវត្តន៍​ច្បាប់ មាន​វិសាលភាព លើ​ផ្ទៃ​ប្រទេស​ទាំងមូល ទៅលើ​យោធា​ក្នុង​ជួរ​កងទ័ព និង​លើ​ពលរដ្ឋ​ស៊ីវិល ថែមទៀត​៕/V​