ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្រសួង និងមន្ទីរមុខងារសាធារណៈ សហការជាមួយរដ្ឋបាល ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ ស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួត ពិនិត្យ លើការផ្លាស់ប្តូរ ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោម ជាតិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសាល ប្រជុំសាលាខេត្តកំពង់ឆ្នាំង។
លោក ឈិន សេងងួន អភិបាលរងខេត្ត និងជាតំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលកំពង់ឆ្នាំង បានថ្លែងសុន្ទរកថាស្វាគមន៍ បើកកិច្ចប្រជុំនេះថាៈ កិច្ចប្រជុំ មានរយៈពេល មួយព្រឹកនេះ មានសារ:សំខាន់ សម្រាប់អស់លោក លោកស្រី តំណាងឲ្យប្រធានមន្ទីរ គ្រប់ស្ថាប័ន អភិបាលក្រុង ស្រុកទាំងអស់ ដែលបានចូលរួមក្នុងថ្ងៃនេះ សូមត្រង់ត្រាប់ស្តាប់ ដើម្បីយកទៅអនុវត្តនូវវិធានការទាំងឡាយ ដែលបានមកពីកិច្ចប្រជុំ នៅថ្ងៃនេះ។
ក្រោយពីបានស្តាប់លោក ខេន ផល្លី ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តកំពង់ឆ្នាំង អាន របាយការណ៍ ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមជាច្រើន នៅតាមមន្ទីរអង្គភាព ស្ថាប័ននានា ក្នុងខេត្តរួចមក លោក សយ វិសាល អនុប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញ ស្តីពីសេចក្តីព្រាង សេចក្តីណែនាំ ស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការ នឡលើការផ្លាស់ប្តូស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ និងមានសំណួរ ចម្លើយជាច្រើន ត្រូវបានចោទសួរ និងឆ្លើយផងដែរ។
ក្នុងឱកាសនោះ លោក ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានថ្លែងថាៈ តាមប្រវត្តិនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា គឺបានអនុវត្តប្រព័ន្ធ គ្រប់គ្រង តាមបែបវិមជ្ឈការ ជាយូរឆ្នាំមកហើយ។ ការធ្វើកំណែទម្រង់វិមជ្ឈការផ្នែករដ្ឋបាល និងវិសហមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញាំ ស្មុគស្មាញ និងរសើបបំផុត ដោយសារតែកំណែទម្រង់ទាំងនេះ នាំមកនូវការផ្លាស់ប្តូរផ្នត់គំនិតបែបផែន និងរបៀបរបប បំពេញការងាររបស់មន្ត្រីរាជការសាធារណៈ នៅគ្រប់លំដាប់ថ្នាក់ មានការបែងចែកមុខងារ និងការទទួលខុសត្រូវ រវាងរដ្ឋបាលសាធារណៈនៅតាមថ្នាក់ អាស្រ័យលើសមត្ថភាព នៃរដ្ឋបាលនីមួយៗ ។
តែបើទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខាងនយោបាយ យ៉ាងមុតស្រួច ក្នុងការជំរុញកិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យមានការវិវឌ្ឍទៅមុខ ជាបន្តបន្ទាប់ និងកាន់តែស៊ីជម្រៅ ដោយផ្តោតលើការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវ ក្នុងការចាត់ចែង មករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប បន្ទាន់ នូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
នៅក្នុងពិធីបិទកិច្ចប្រជុំ ពេញមួយព្រឹកនេះ លោក ឆាយ ឆត្រាវុធ បានមានប្រសាសន៍ ដោយមានការសង្ឃឹមថា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញគ្រប់លំដាប់ ថ្នាក់ នៃខេត្តកំពង់ឆ្នាំង និងទទួលបាននូវចំណេះដឹង បទពិសោធន៍ និងប្រមូលបាននូវធាតុចូល ពីភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើការងាររៀបចំសេចក្តីព្រាងនីតិវិធី នៃការផ្តល់ទិដ្ឋាការ មានខ្លឹមសារគ្រប់គ្រាន់ សម្រាប់ដាក់ឲ្យ អនុវត្តមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ សំខាន់ៗ នៃកំណែទម្រង់របស់ រាជរដ្ឋាភិបាលកម្ពុជា ៕/V