ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កងទ័ពជើងអាកាសអាម៉េរិកបាននិយាយថាអាវុធល្បឿនលឿនជាងសំឡេងលំដាប់កំពូលរបស់កងទ័ពអាកាសអាម៉េរិកបានបញ្ចប់ការសាកល្បងជោគជ័យលើកទីពីរជាប់ៗគ្នានៃម៉ូទ័ររុញរបស់វាក្នុងរយៈពេលតិចជាងពីរខែ ដែលនេះជារបត់ថ្មីមួយបន្ទាប់ពីបរាជ័យបីលើកផ្ទួនៗ។
លោកឧត្តមសេនីយ៍ទោ ហ៊ីត ខូលលីន (Heath Collins) ជាអ្នកគ្រប់គ្រងកម្មវិធីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី១៣កក្កដាថា អាវុធដែលផលិតដោយក្រុមហ៊ុន Lockheed Martin Corp “បានឈានដល់ល្បឿនលឿនជាងសំឡេង” និង “គោលដៅចម្បងនិងបន្ទាប់បន្សំត្រូវបានបំពេញ”នៅក្នុងការបាញ់សាកល្បងកាលពីថ្ងៃអង្គារលើយន្តហោះទម្លាក់គ្រាប់បែក B-52។
“ឥឡូវនេះយើងបានបញ្ចប់ការសាកល្បងម៉ូទ័ររុញរបស់យើងជាច្រើនលើករួចហើយ ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅរកការសាកល្បងគ្រប់ជ្រុងជ្រោយនៅចុងឆ្នាំនេះ”។
បរាជ័យបីលើកមុននេះបានធ្វើឱ្យខូចផែនការសម្រាប់ការផលិតមីស៊ីលនេះនៅឆ្នាំនេះដើម្បីឱ្យមន្ទីរបញ្ចកោណអាចប្រកាសនៅថ្ងៃទី ៣០ ខែកញ្ញាថា អាវុធបាញ់តាមអាកាសដែលគេស្គាល់ថា ARRW នឹងក្លាយជាអាវុធលឿនជាងសំឡេងដែលមានសមត្ថភាពប្រយុទ្ធដំបូងបង្អស់របស់សហរដ្ឋអាម៉េរិក។
ចិននិងរុស្ស៊ីមានសព្វាវុធ ដែលអាចបត់បែនរលូនក្នុងល្បឿនលឿនបំផុតរួចទៅហើយ។
គោលដៅរបស់សហរដ្ឋអាម៉េរិកនាពេលនេះគឺប្រកាស “សមត្ថភាពប្រតិបត្តិការដំបូង” សម្រាប់មីស៊ីល Lockheed ក្នុងពេលណាមួយក្នុងឆ្នាំសារពើពន្ធបន្ទាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសមុននេះ៕
មីស៊ីលលឿនជាងសំឡេង ARRWត្រូវបានសាកល្បងចេញពីយន្តហោះទម្លាក់គ្រាប់ខ្នាតយក្សB-52