​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​ថា អាជ្ញាធរ​រុស្ស៊ី​បាន “​សួរចម្លើយ ឃាត់ខ្លួន និង​បង្ខំ​និរទេស​” ពលរដ្ឋ​អ៊ុយ​ក្រែន​ចន្លោះ​ពី ៩០០.០០០ នាក់​ទៅ ១,៦ លាន​នាក់ រួម​ទាំង​កុមារ​ចំនួន ២៦០.០០០ នាក់ ពី​ផ្ទះ​របស់​ពួកគេ​ចូល​ទៅក្នុង​ទឹកដី​រុស្ស៊ី​ភាគច្រើន​គឺ​ទៅ​កាន់​តំបន់​ដាច់​​ស្រយាល​នៅ​ចុង​បូព៌ា​។​

​លោក​ប្លីង​កិន​បាន​និយាយថា “​ការផ្ទេរ​និង​ការ​និរទេស​ដោយ​ខុស​ច្បាប់​នូវ​មនុស្ស​ដែល​ទទួលបាន​ការការពា​រ​គឺជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​នៃ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ទី​បួន​ស្តី​ពី​ការការពារ​ជន​ស៊ីវិល ហើយ​វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​”​។​

​លោក​ប្លីង​កិន​បាន​កត់សម្គាល់​ថា គាត់​នឹង​ចេញ​សេចក្តីថ្លែងការណ៍​នៅ​មួយ​ថ្ងៃមុន​សន្និសីទ​គណនេយ្យភាព​អ៊ុយ​ក្រែន​ដែល​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កក្កដា​នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​។ វេបសាយ​របស់​សន្និសី​ទ​នេះ​និយាយថា គោលបំណង​របស់​ខ្លួន​គឺ “​ដើម្បី​ធានា​ថា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន នឹង​មិន​រួច​ផុត​ពី​ការកាត់ទោស​នោះឡើយ​”​។​

​ម្ចាស់ផ្ទះ​សន្និសីទ​នេះ​គឺ​រដ្ឋាភិបាល​ហូ​ឡង់ ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​គណៈកម្មការ​អឺរ៉ុប​។​

​រុស្ស៊ី​បាន​ទទួលស្គាល់ថា ប្រជាជន​អ៊ុ​យក្រែន ១,៥ លាន​នាក់​ស្ថិត​នៅក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​រុស្ស៊ី​អះអាងថា ពួកគេ​ត្រូវបាន​ជម្លៀសចេញ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​ក្រុមមន្ត្រី​អ៊ុយ​ក្រែន​បាន​ប្រកាស​អាសន្ន​ជា​យូរ​មក​ហើយ​អំពី​ការ​និរទេស​ពលរដ្ឋ​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី ដោយ​ប្រធានាធិបតី​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​កាលពី​ខែ​មុន​បាន​ពណ៌នា ការ​និរទេស​នេះ​ថា​ជា “​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​សាហាវ​បំផុត​មួយ​របស់​រុស្ស៊ី​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ការ​និរទេស​នេះ​រួមមាន​ទាំង​កុមារ​ជាង ២០ ម៉ឺន​នាក់​ផងដែរ​៕

​ទាហាន​រុស្ស៊ី​ដើរល្បាត​នៅ​អគារ​ខ្ទេចខ្ទី​មួយ​នៅ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២