​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​ចរន្ត​ខ្យល់​នៅ​តំបន់​មាត់សមុទ្រ​អាច​នឹង​វិលត្រឡប់​មករក​ភាពប្រក្រតី​វិញ​នៅ​រសៀល​ថ្ងៃទី​១៥​ខែកក្កដា តែ​ស្ថានភាព​ភ្លៀង​វិញ​បន្ត​ធ្លាក់​ដល់​កម្រិត​ពី​បង្គួរ ទៅ​ច្រើន​នៅ​អំឡុង​ថ្ងៃទី​១៦​និង​១៧​ខែកក្កដា​សម្រាប់​តំបន់​មាត់សមុទ្រ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែកក្កដា​ថា ស្ថានភាព​ខ្យល់​នៅ​តំបន់​មាត់សមុទ្រ​ចាប់ផ្តើម​ថយឥទ្ធិពល​ទៅវិញ​បន្តិច​នៅ​ល្ងាច​ថ្ងៃនេះ​និង​អាច​វិល​ត្រឡប់មក​ប្រក្រតី​វិញ​នៅ​រសៀល​ថ្ងៃទី​១៥​ខែកក្កដា តែ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មក​ច្រើន​ជាពិសេស​នៅ​ថ្ងៃទី​១៦ និង​ទី​១៧​ខែកក្កដា​នៅ​តំបន់​មាត់សមុទ្រ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ​ដដែល​ថា ខ្សាច់​ដែល​បាន​ផាត់​ដោយ​កម្លាំង​ខ្យល់​និង​ទឹករលក​មក​គ្រប់​ពេញ​លើផ្លូវ​ឆ្នេរ​អូរត្រេះ​មិនទាន់បាន​សម្អាត​នៅឡើយ​ទេ​ដោយសារ​ភ្លៀង​និង​ខ្យល់​ទើបតែ​ស្ងប់ តែ​បាន​ចាត់ចែង​កម្លាំង​ត្រៀម​សម្អាត​នៅពេល​ស្ងប់ខ្យល់​និង​ភ្លៀងហើយ​។​

​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ថា ខ្សាច់​ដែល​ផាត់​ឡើង​ដោយ​កម្លាំង​ខ្យល់​និង​ទឹករលក​រុញ​ពីលើ ឆ្នេរ​មក​គ្រប​ពេញ​លើផ្លូវ​ថ្មើរជើង​និង​វិថី​ឆ្នេរ​អូរត្រេះ កំពុង​ត្រូវបាន​សម្អាត​ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ប្រមូល​និង​បោស​ដោយ​បងប្អូន​ដើម្បី​កើប​យក​យកចេញ​កុំឱ្យ​ហូរ​ចូល​លូ​តែ​ធ្វើ បានតែ​បន្តិច​ភ្លៀង​ក៏បាន​ធ្លាក់​មក​បន្តទៀត​។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បន្ថែមថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជាមួយនឹង​ខ្យល់ ធ្វើឱ្យ​យើង មិនអាច​ឡើង​កាត់​មែកឈើ​ដែល​ងាប់​នៅតាម​តំបន់ឆ្នេរ​ចេញ​បាន​តាម​ការណែនាំ​របស់​លោក​អភិបាលខេត្ត​នៅឡើយ​ទេ​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា ភ្លៀង​ធ្លាក់​រយៈពេល​៣​ថ្ងៃ កន្លងទៅនេះ​នៅ​ក្រុងព្រះសីហនុ​មាន​បរិមាណ​ដល់​កម្រិត​ជាង​៣០​មី​លី​ម៉ែត្រ​តែ​មិន​បង្កឱ្យមាន​ការលិចលង់​នៅក្នុង​ក្រុង​ទេ ដោយសារ​ភ្លៀង​ធ្លាក់​មិន​គំហុក​និង​ម្យ៉ាង​អូរ ប្រឡាយ មាត់​លូ​បាន​ស្តារ​និង​សម្អាត​ជាប្រចាំ​តាម​ផែនការ​របស់លោក​អភិបាលខេត្ត​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ភ្លៀង​ច្រើន​ខ្យល់​ខ្លាំង​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ​នៅ​ខេត្ត​ព្រះសីហនុ​មិនដែល​ឃើញ​ពន្លឺ​ថ្ងៃ​ទេ តែ​ថ្ងៃនេះ​ឃើញ​មាន​ពន្លឺ​ថ្ងៃ​ខ្លះ​។​រលក​នៅ សមុទ្រ​មាន​កម្ពស់​ដល់​ជាង​៣​ម៉ែត្រ គឺ​ខ្ពស់​សឹង​មិន​ធ្លាប់មាន​នៅតាម​ឆ្នេរ កប៉ាល់​ដឹកទំនិញ​ចំនួន​ពីរ​គ្រឿង​ខ្យល់​បក់បោក​នាំយកមក​ដាក់​នៅលើ​ឆ្នេរ​ដោយ​មួយគ្រឿង​នៅ​កោះតាង និង​មួយគ្រឿង​នៅ​ឆ្នេរ​ព្រៃត្រែង​។ ផ្លូវ​ថ្មើរជើង​និង​ផ្លូវ​តាម​ឆ្នេរ​អូរត្រេះ​គ្រប់​ពេញ​ដោយ​ខ្សាច់​បក់​មកពី​តាម​ឆ្នេរ​។​


​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២២​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៩​ខែកក្កដា​
​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងអំឡុង​មួយ​សប្តាហ៍​នេះ​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ដោយនៅ​ថ្ងៃទី​១៣​និង​១៤​ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​។​ពីថ្ងៃ​ទី​១៥​ដល់​១៩​ខែកក្កដា​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ៕​.mara