ប្រែសម្រួលៈបំណង(ស៊ីនហួរ)៖អតិផរណាអ្នកប្រើប្រាស់នៅអាម៉េរិកកាលពីខែមិថុនាបានឡើងដល់៩,១ភាគរយធៀបនឹងពេលដូចគ្នាកាលពីមួយឆ្នាំមុន ដោយវាឈានដល់កំរិតខ្ពស់ជាថ្មីមួយទៀតធៀបនឹងអតិផរណាគ្រប់ឆ្នាំក្នុងរយៈពេលបួនទសវត្សរ៍កន្លងមក នេះបើតាមការប្រកាសរបស់ក្រសួងការងារអាម៉េរិកកាលពីថ្ងៃពុធ។
សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់(CPI)បានឡើង១,៣ភាគរយចាប់ពីខែឧសភាដល់មិថុនា ក្រោយឡើង១ភាគរយចាប់ពីខែមេសាដល់ឧសភា ។
CPIខែមិថុនាកត់សំគាល់កំណើនធំបំផុតក្នុងរយៈពេល១២ខែគិតចាប់តាំងពីខែវិច្ឆិការឆ្នាំ១៩៨១ និងកើនពីកំណើនអតិផរណាចំនួន៨,៦ភាគរយកាលពីខែឧសភា។
សូមបញ្ជាក់ថាសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ CPIនៅតែលើ៦ភាគរយធៀបនឹងCPIប្រចាំឆ្នាំចាប់តាំងពីខែតុលាឆ្នាំមុន និងវាបានឡើងលើ៨ភាគរយជាប់តាំងពីខែមីនាឆ្នាំនេះ ដែលជាសញ្ញាព្រមានមួយថាធនាគារកណ្តាលអាម៉េរិកនឹងចំណាយពេលយូរដើម្បីចាត់ចែងធ្វើអោយអតិផរណាស្ថិតមកនៅក្រោមការគ្រប់គ្រងវិញ។
តាមពិតធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាកាប្រាក់ដ៏ខ្ពស់ដល់ទៅមួយភាគបួនភាគរយឯណោះ ដោយចេញពីសូន្យកាលពីខែមីនា ចាប់ផ្តើមរឹតបន្តឹងវដ្តរបស់វាដើម្បីទប់កុំអោយអតិផរណាឡើង។នៅខែឧសភា ធនាគារបានបង្កើនអត្រាការប្រាក់ដល់ទៅពាក់កណ្តាល និងដំឡើងបីភាគបួនភាគរយកាលពីខែមិថុនា ជាការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតនៅអាម៉េរិកគិតចាប់តាំងពីឆ្នាំ១៩៩៤។
អ្វីដែលគេហៅថាCPIស្នូល ដែលផាត់ចេញស្បៀងនិងថាមពល បានឡើង០,៧ភាគរយនៅខែមិថុនា ក្រោយឡើង០,៦ភាគរយនៅមួយខែមុននោះ។CPIស្នូលនេះបានឡើង៥,៩ភាគរយនៅ១២ខែមកនេះក្រោយឡើង៦ភាគរយកាលពីខែឧសភា។
សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់គ្រប់មុខនៅអាម៉េរិកបានកើនឡើង តែជម្រកស្នាក់នៅ រថយន្តជជុះតូចធំ ការព្យាបាលសុខភាព ការធានារ៉ាប់រងយានយន្តនិងយានយន្តថ្មី ជាទំនិញដែលចូលរួមចំណែកធំក្នុងកំណើនអតិផរណា។
ហាងលក់គ្រឿងទេស ភេសជ្ជៈនិងបន្លែនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។អតិផរណាស្បៀងនៅអាម៉េរិកកើនឡើងជាងដប់ភាគរយក្នុងរយៈពេល១២ខែ
សន្ទស្សន៍ថាមពលបានឡើង៧,៥ភាគរយកាលពីខែមុន ដោយសន្ទស្សន៍ប្រេងសាំងឡើង១១,២ភាគរយ។ បើនិយាយសន្ទស្សន៍ថាមពលនៅអាម៉េរិក រយៈពេលមួយឆ្នាំមកនេះវាឡើងដល់ទៅ៤១,៦ភាគរយ ជាកំណើនរយៈពេល១២ខែខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ១៩៨០។
ទោះជាយ៉ាងណាសន្ទស្សន៍ស្បៀង បានឡើងតែ១ភាគរយកាលពីខែមិថុនា តែបើគិតរយៈពេល១២ខែបញ្ចប់ត្រឹមខែមុន វាកើន១០,៤ភាគរយ។វាក៏ជាកំណើនអតិផរស្បៀងខ្ពស់បំផុតផងដែរគិតចាប់តាំងពីឆ្នាំ១៩៨១៕