ដោយៈ ប​.​ខុន / ភ្នំពេញៈ នាវា​រសាត់​មក​បុក​ថ្ម ខាងលិច​កោះតាង មានឈ្មោះ ” សេង កង ” ជានា​វា​ដឹក​ផ្លែឈើ ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ចិន​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច នៅ​ថ្ងៃទី​១៤ ខែកក្កដា បានបង្ហាញ​ឱ្យដឹងថាៈ នាវា រសាត់​មក​បុក​ថ្ម ខាងលិច​កោះតាង មានឈ្មោះ ” សេង កង ” កម្លាំង​ការពារ​កោះតាង​លេខ​៣ សហការ​ជាមួយ កម្លាំង​នគរបាល​ព្រំដែន​ដែនទឹក និង​កម្លាំង​ស្នាក់ការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខា​ដ្ឋា​ន នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ បានចេញ​ប្រតិបត្តិ​ការរុករក ក្រុម​នាវិក​របស់​នាវា ” សេង កង ” ដែល​ពួកគេ បាន​លោត​ចុះ​ទឹក ហែល​ឡើងលើ​កោះ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ។​

​នៅក្នុង​របាយការណ៍ បញ្ជាក់ថា ក្រុមការងារ បាន​ប្រទះឃើញ​មនុស្ស​ទាំង ចំនួន ៤ នាក់ នៅ​ចំណុច N 10.19.021 E 103 08 316 រួចហើយ​កម្លាំង​សហការ បាន​បញ្ជូនមក ទីបញ្ជាការ​ការពារ​កោះ​តាង លេខ​៣ ដើម្បី​សួរនាំ និង​ធ្វើ​កំណត់ហេតុ ។​

​នាវា​នោះ ឈ្មោះ ” សេង កង ” មាន​បណ្តោយ​ប្រវែង ៥២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ជម្រៅ​ទឹក ៤,៥ ម៉ែត្រ មាន​កម្លាំង​ម៉ាស៊ីន ៥៤០ សេស មាន​ម៉ាស៊ីន​រត់ ២ គ្រឿង និង​ម៉ាស៊ីនភ្លើង ១​គ្រឿង និង​មាន​មនុស្ស​លើ​នាវា ជា​បុរស​ជនជាតិ​ចិន បួន​នាក់ ក្នុងនោះ មានៈ ១.​ឈ្មោះ CHENG CHANGBAO អាយុ ៤៤​ឆ្នាំ ជា​អ្នកគ្រប់គ្រង និង​ជា​អ្នកបើកបរ​នាវា​, ២.​ឈ្មោះ WU KONGPING អាយុ ៣៦ ឆ្នាំ​, ៣.​ឈ្មោះ WANG SHENG PING អាយុ ៣០ ឆ្នាំ និង ៤.​ឈ្មោះ លីន ស៊ី​ម៉ី អាយុ ៤២ ឆ្នាំ ទាំងបី​នាក់​នោះ ជានា​វិក ។​

​នាវា​នេះ បាន​បើកបរ មកពី​ប្រទេស​ចិន ឆ្ពោះទៅកាន់​ប្រទេស​ថៃ ដើម្បី​ដឹក​ផ្លែឈើ ទៅកាន់​ប្រទេស​ចិន​វិញ មូលហេតុ​ដែល​ចូល​សមុទ្រ​កម្ពុជា ដោយ​បញ្ហា​ម៉ាស៊ីន​ខូច និង​ដាច់​ខ្សែ​យុថ្កា ក៏បាន​អណ្តែត​ចូលក្នុង​ដែនសមុទ្រ​កម្ពុជា ។ អ្នក​ទាំង​បួន​នាក់ បាន​ប្រាប់ថាៈ លិខិតឆ្លងដែន បាន​ធ្លាក់​ចូលក្នុង​ទឹក​បាត់​។​

​ក្រោយពី​បាន​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួច​សមត្ថកិច្ច​ចម្រុះ បានប្រគល់​បុរស​ជនជាតិ​ចិន ទាំងនោះ ទៅឱ្យ​ប៉ូលិស​ព្រំ​ដែនទឹក ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ យ៉ាវ វណ្ណា ៕/V​