ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកទន្លេមេគង្គ ចាប់ផ្តើមងើបឡើង ជាលំដាប់ តែឡើងមិនគំហុក នោះទេ បន្ទាប់ពីប្រព័ន្ធសម្ពាធទាប កើតមាននៅលើតំបន់អាងទន្លេមេគង្គ ដោយរំកិលចុះឡើង និងបង្កឱ្យមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់រួចមក។ ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រ បាសាក់-ចតុមុខ ក្នុងរដូវវស្សា ឆ្នាំ២០២២នេះ អាចនឹងមានកម្ពស់ ៩,៦៥ ម៉ែត្រ ដែលចាត់ទុកថា ជាប្រភេទជំនន់មធ្យម។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៤ ខែកក្កដាថាៈ ទឹកទន្លេមេគង្គ នៅបន្តកើនឡើង ជាលំដាប់ ច្រើនថ្ងៃទៀត តែឡើងមិនគំហុកទេ បន្ទាប់ពីប្រព័ន្ធសម្ពាធ បានរំកិលចុះឡើង នៅតំបន់អាងទន្លេមេគង្គលើ បង្កឱ្យមានភ្លៀងធ្លាក់តិចច្រើន រាល់ថ្ងៃ ច្រើនថ្ងៃ មកហើយ។
តាមព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទន្លេរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកក្កដា បង្ហាញឱ្យឃើញថាៈ នៅខេត្តស្ទឹងត្រែង ទឹកមានកម្ពស់ ៦,០៩ ម៉ែត្រ ទាបជាងថ្ងៃទី១៣ ខែកក្កដា ០,១៦ ម៉ែត្រ, នៅខេត្តក្រចេះ ទឹកមានកម្ពស់ ១៤,៩០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៣ កក្កដា ០,៥២ ម៉ែត្រ, នៅខេត្តកំពង់ចាម ទឹកមានកម្ពស់ ៨,៥៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៣ កក្កដា ០,៧៦ ម៉ែត្រ, នៅទន្លេបាសាក់ ចតុមុខ ទឹកមានកម្ពស់ ៤,៧០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៣ កក្កដា ០,៥១ ម៉ែត្រ, នៅអ្នកលឿង ទឹកមានកម្ពស់ ៣,១៤ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៣ កក្កដា ០,៤០ ម៉ែត្រ, នៅទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ៤,៤១ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៣ កក្កដា ០,៤៥ ម៉ែត្រ, នៅទន្លេសាបព្រែកក្តាម ទឹកមានកម្ពស់ ៣,៦៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៣ កក្កដា ០,៤៤ ម៉ែត្រ, ទឹកបឹងទន្លេសាប នៅក្រគរ កំពង់លួង ទឹកមានកម្ពស់ ២,២៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៣ ខែកក្កដា ០,០៦ ម៉ែត្រ។
នៅថ្ងៃទី១៧ ខែកក្កដា ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង អាចឡើងដល់កម្ពស់ ៦,៤៤ ម៉ែត្រ, នៅក្រចេះ ទឹកអាចឡើងដល់កម្ពស់ ១៥,២៩ ម៉ែត្រ, នៅខេត្តកំពង់ចាម ទឹកអាចឡើងដល់ កម្ពស់ ៨,៩៥ ម៉ែត្រ, នៅចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៥,១៥ ម៉ែត្រ, នៅអ្នកលឿង ទឹកអាចឡើងដល់កម្ពស់ ៣,៤៧ ម៉ែត្រ, នៅទន្លេបាសាក់ កោះខែល ទឹកអាចឡើងដល់កម្ពស់ ៤,៧៤ ម៉ែត្រ និងនៅព្រែកក្តាម ទឹកអាចឡើងដល់កម្ពស់ ៤,០២ ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថាៈ ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រ បាសាក់-ចតុមុខ ក្នុងរដូវវស្សា ឆ្នាំ២០២២ នេះ អាចនឹងមានកម្ពស់ ៩,៦៥ ម៉ែត្រ ដែលចាត់ទុកថា ជាប្រភេទជំនន់មធ្យម៕/V