ដោយៈ ភ្នំខៀវ / បាត់ដំបងៈ កំណាត់ផ្លូវតាមបណ្តោយច្រាំងស្ទឹងសង្កែ បានបាក់ស្រុត ដោយសារទឹកជំនន់ អាជ្ញាធរឃុំព្រែកហ្លួង ស្រុកឯកភ្នំ អំពាវនាវដល់ពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ ត្រូវប្រុងប្រយ័ត្ន។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ អាជ្ញាធរឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើ ទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយ ត្រូវកាត់បន្ថយការដឹកជញ្ជូនធ្ងន់ៗ និងត្រូវចរាចរណ៍យឺតៗ ចំពោះយានយន្តគ្រប់ប្រភេទ ដែលចាំបាច់ឆ្លងកាត់។
កំណាត់ផ្លូវ នៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ដែលបាក់ស្រុត តាំងពីថ្ងៃទី១២ ខែកក្កដាមកនោះ ត្រង់ទីតាំងភូមិសាស្ត្រភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ជាប្រភេទផ្លូវ កៅស៊ូលេខ១៥៣ កសាងនៅឆ្នាំ២០១២ បានបណ្តាលឲ្យរងការខូចខាត មានប្រវែងប្រមាណ ២០០ ម៉ែត្រ ។
ប្រភពពីអាជ្ញាធរដដែល បានបន្តថាៈ កំណាត់ផ្លូវដែលបាក់ស្រុត មិនមែនដោយសារការធ្វើ ដំណើរ ឬដឹកជញ្ជូនធ្ងន់ ទាំងស្រុងនោះទេ បញ្ហាប្រឈមខ្លាំង បណ្តាកមកពីទឹកជំនន់ គឺមួយឆ្នាំ បាក់ស្រុតបន្តិចៗ រហូតមកដល់បច្ចុប្បន្ន៕/V