ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅរសៀលថ្ងៃទី១៤កក្កដា ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលបានទទួល មរណភាពកាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំដោយជរាពាធ ។ សពលោក អ៊ឹង គៀត ត្រូវបានតម្កល់នៅគេហដ្ឋានស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តមក្នុងសង្កាត់ជ័យជំនៈខណ្ឌដូន ពេញរាជធានីភ្នំពេញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអុជធូកនៅពីមុខមជ្ឈូសតម្កល់សពនិងបានលំឱនកាយវាចាចិត្តគោរពចំពោះវិញ្ញាណក្ខន្ធសព លោក អ៊ឹង គៀត ដែលបានលាចាកលោកយើង នេះទៅកាន់លោកខាងមុខក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ។

សូមបញ្ជាក់ថាភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងនាមក្រុមគ្រួសារបានផ្ញើនូវសាររំលែកទុក្ខរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូន ក្រុមគ្រួសារនៃសពលោក អ៊ឹង គៀត ។

សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោបានគូសបញ្ជាក់ថា៖«ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៊ឹង គៀត ត្រូវជាស្វាមី បានទទួលមរណភាព។ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវនិងក្រុមគ្រួសារនៃ សពចំពោះការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌និងសង្គហធម៌ចំពោះភរិយាកូនៗ ចៅៗព្រមទាំងញាតិមិត្ត ជិតឆ្ងាយទាំងអស់ ។មរណភាពរបស់ឯកឧត្តម អ៊ឹង គៀត ជាការបាត់បង់នូវធនធាន មនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃគុណ បំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធានធាន និងបញ្ញាស្មារតី បម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ។ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លាងឃ្លាតឡើយ» ៕