ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន២ ដែលមាន ទឹកប្រាក់សរុប ៦,៧ លានដុល្លារ ។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនទីមួយ គឺត្រូវបានផ្តល់ជូនទៅក្រុមហ៊ុន XIN MEI DA (CAMBODIA) GARMENT CO., LTD លើ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៧កន្លែង។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនទីពីរ គឺ W.L WEI LIAN GARMENT CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង៕