ដោយៈ សុផល / ភ្នំពេញ: ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុប ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅ ផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រេស៊ីដង់ ភ្នំពេញ។
ក្នុងសុន្ទរកថា របាយការណ៍បូកសរុប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថាៈ អង្គសន្និបាត បានប្តេជ្ញារួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ក្នុងនោះ អង្គសន្និបាត បានសម្រេចដាក់ចេញ៖
ទី១. ប្តេជ្ញាបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ទៅកាន់គោលដៅទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេស ជាមួយការផ្តល់ថ្លៃកញ្ចប់ទស្សនកិច្ចទាក់ទាញ។
ទី២. បន្តជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ សម្រាប់ទីផ្សារទេសចរណ៍ ក្នុងស្រុក និងអន្តរជាតិ នៅតាមប៉ូលទេសចរណ៍សំខាន់ៗ ដោយយកចិត្តទុកដាក់ លើភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព តម្លៃ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។
ទី៣. បន្តជំរុញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឱ្យកាន់តែប្រសើរឡើង និងសកម្មភាពគាំទ្រនានា សំដៅពង្រឹងនិងពង្រីក ភាពទាក់ទាញ និងធ្វើឱ្យគោលដៅ ទេសចរណ៍កម្ពុជា កាន់តែរស់រវើក។
ទី៤. បន្តជំរុញការតភ្ជាប់តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ព្រមទាំងការបើកច្រកទ្វារ អន្តរជាតិបន្ថែម ដើម្បីជំរុញទាក់ទាញទេសចរអន្តរជាតិ។
ទី៥. បន្តចូលរួមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាសុវត្ថិភាព និងផ្តល់សេវាកម្ម ប្រកបដោយទំនុកចិត្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះ ក្រៅពីការបន្តជំរុញអនុវត្ត ៣កុំ ៣ការពារ យើងនឹងត្រួតពិនិត្យជំរុញ ការចាក់វ៉ាក់សាំងដូសជំរុញ ដល់បុគ្គលិក កម្មករ និយោជិត ក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។
ទី៦. បន្តជំរុញយុទ្ធនាការគាំទ្រនានា ជាអាទិ៍ ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ភូមិទេសចរណ៍ស្អាត បង្គន់សាធារណៈស្អាត យុទ្ធនាការគ្មានថង់ប្លាស្ទីក នៅតាមទីតាំងទេសចរណ៍សំខាន់ៗ និងស្តង់ដារង្វាន់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ទី៧. បន្តជំរុញការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ពង្រីកវិសាលភាព នៃការផ្សព្វផ្សាយ និងបង្កើនផលិតភាព នៃការផ្តល់សេវាកម្ម និងរៀបចំប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាត នៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ។
ទី៨. បន្តកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់មន្ត្រីរាជការ បុគ្គលិក និងសហគ្រិន ក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងជំនាញ ដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញថ្មី។
ទី៩. បន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំដាក់ឱ្យអនុវត្តកម្មវិធីសិក្សា ជំនាញទេសចរណ៍អាស៊ាន សម្រាប់ឆ្នាំទី១ ទី២ និងទី៣ ត្រូវនឹងថ្នាក់ទី១០ ទី១១ និងទី១២ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីទទួលបានចំណេះ និងជំនាញខ្ពស់ ស្របតាមស្តង់ដាអាស៊ាន (MRA-TP)។
ទី១០. បន្តតាមដាន និងសិក្សាពីការវិវត្ត និងនិន្នាការទីផ្សារទេសចរណ៍ថ្មីៗ។
ទី១១. បន្តពង្រឹងអភិបាលកិច្ចទេសចរណ៍ និងជំរុញការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗ បន្ថែមទៀត ស្របតាមតម្រូវការជាក់ស្តែង៕/V