ដោយៈ សុផល / ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំក្រុមការងារ ទទួលបន្ទុកគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ នៅទីស្តីការក្រសួង។
លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ឱ្យដឹងថាៈ អង្គប្រជុំបានពិភាក្សាអំពី ការរៀបចំបទដ្ឋានគតិយុត្តិ សេចក្តីណែនាំ និងបទដ្ឋានអនុវត្ត អំពីការប្រើប្រាស់ ផ្លូវល្បឿនលឿន ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុន សាងសង់ ការសម្របសម្រួលត្រួតពិនិត្យ លើបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ចរាចរណ៍ ការបំពេញបន្ថែម លើចំណុចខ្វះខាត ទាក់ទងនឹងសម្ភារៈបរិក្ខារ ដើម្បីធ្វើឱ្យប្រសើរឡើង សោភ័ណភាពផ្លូវការ ធានាលើការកម្រិតនៃការដឹកជញ្ជូន និងការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹង អំពីការប្រើប្រាស់ ផ្លូវល្បឿនលឿន។
សូមជម្រាបជូនថា ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុនេះ គឺគម្រោងផ្លូវល្បឿន លឿនដំបូងបង្អស់ នៅកម្ពុជា នឹងចូលរួមចំណែក ក្នុងការជំរុញប៉ូល សេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ឱ្យកាន់តែមានសន្ទុះរីកចម្រើនលឿន អាចធ្វើដំណើរបានឆាប់រហ័ស កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ជាពិសេសចូលរួមបម្រើផែនការមេ ប្រែក្លាយ ខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ បន្ថែមទៀតផងដែរ៕/V