ដោយៈ ដេប៉ូ/ភ្នំពេញ: លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានថ្លែងថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនបានរួម ចំណែកយ៉ាងសំខាន់បំផុត ក្នុងការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករ និយោជិត ឈានដល់ការបង្កើតផលិតភាពជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។
លោករដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ដូច្នេះនារសៀលថ្ងៃទី១៤ ខែកក្កដានេះនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី៣ នៃយុទ្ធនាការ ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលបងប្អូនកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។
លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា”ប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជន ទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្ត្រីរាជការដែរ”។លោក បញ្ជាក់បន្ថែមថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះឡើងគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើជីវភាពរស់នៅ ក្នុងន័យកាត់បន្ថយភាពក្រីក្រនិងធានានូវ សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ និយោជិត។ចំពោះការចុះឈ្មោះចូលជាសមាជិក ប.ស.ស.ផ្នែកប្រាក់សោធនមិនមែនជាការស្ម័គ្រចិត្តនោះទេប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជកនិងភាគីនិយោជិតដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីនេះដែរលោករដ្ឋមន្ដ្រីក៏បានសំណូមពរទៅកាន់បងប្អូនសហជីពទាំងអស់ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះសូមយកចិត្តទុកដាក់ស្ដាប់និងសួរនូវរាល់ចម្ងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ចនិងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់បងប្អូនកម្មករ និយោជិត ដែលជាអ្នកនៅជាមួយនិងជួបផ្ទាល់បងប្អូនសហជីពទាំងអស់ គ្នាប្រកបដោយភាពត្រឹមត្រូវច្បាស់លាស់ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ៕សរន