ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌ ទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នា ធ្វើយ៉ាងណា រក្សាឱ្យបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ព្រោះថា កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ វាជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពនេះឯង ត្រូវអនុវត្តឱ្យបានល្អ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថាៈ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការ ឱ្យបានច្បាស់លាស់ ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេស ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាត នៅក្នុងតំបន់ដែលយើងគិតថា ស្មុគស្មាញ និងងាយរងគ្រោះ។
លោក ឃួង ស្រេង បានបញ្ជាក់ថាៈ ក្នុងនាម អាជ្ញាធរ និងកងកម្លាំង ត្រូវគិតថា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់ សុទ្ធតែត្រូវការសន្តិសុខ ដូចគ្នា។
បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវការពារ ឱ្យបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំងពីរភេទ ដែលបានបង្ក្រាប ក្មេងទំនើង បានជាច្រើនករណី នាប៉ុន្មានថ្ងៃ កន្លងមកនេះ។ ក្មេងទំនើងទាំងនេះ ភាគច្រើន ជាសិស្សសាលា ដូច្នេះលោកស្នើឱ្យអភិបាលខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀន ឱ្យបានម៉ឺងម៉ាត់ និងរកវិធី ដើម្បីបង្ការទប់ស្កាត់ ក្មេងទំនើងទាំងនេះ ឱ្យបាន។
ក្នុងកិច្ចប្រជុំនោះ លោក អភិបាលរាជធានីភ្នំពេញ ក៏បានស្នើអោយអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជំរុញប្រជាពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំង ដូសជំរុញ ឱ្យបានគ្រប់គ្នា ព្រោះថា ជំងឺកូវីដ-១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធរ និងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងមកនេះ ដែលបានធ្វើឱ្យការបោះឆ្នោត នេះ ដំណើរការទៅដោយរលូន ជោគជ័យ និងគ្មានអំពើហិង្សា ៕/V