ដោយៈ សុផល / ភ្នំពេញ​: រថយន្ត​ចង្កូត​ស្ដាំ មាន​ស្រាប់​ក្នុងប្រទេស ត្រូវបាន​អនុញ្ញាតឱ្យ ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​។ នេះ​បើតាម​សេចក្តីណែនាំ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​យោងតាម​ប្រសាសន៍ និង​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ដែល​បាន អនុគ្រោះ​ម្ចាស់​រថយន្ត ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុងប្រទេស​ដែល​នៅ​សេសសល់ ចូលមក បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​ដោយ​ពុំ​ចាំបាច់​កែច្នៃ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើ​ការណែនាំ​ដល់​អគ្គនាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត និង​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ត្រូវ​ទទួល​ចុះ បញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ លើ​រថយន្ត​ចង្កូត ស្តាំ​មាន​ស្រាប់ ក្នុងប្រទេស ដែល​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​រួចរាល់ ស្របតាម​សេចក្តី ជូនដំណឹង​របស់ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ស្ដីពី​ការអនុញ្ញាតឱ្យ​បង់ពន្ធ​និង​អាករ លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុងប្រទេស​ដែល នៅ​សេសសល់ តាម​បែបបទ និង​នីតិវិធី ដូច​បាន​អនុវត្ត​កន្លងមក នូវ​ទម្រង់​ផ្លាកលេខ -​ចង្កូត​ស្តាំ ដូច​មាន​ក្នុង​ឧបសម្ព័ន្ធ​ភ្ជាប់​ជាមួយ​។​

អគ្គនាយកដ្ឋាន​ដឹក​ជ​ញ្ចូ​ន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី ខេត្ត និង​អង្គភាព​ច្រកចេញចូល​តែមួយ រាជធានី ខេត្ត ត្រូវអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ​៕/V​