ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការផ្ទុះកូវីដ១៩រលកថ្មីកំពុងរីករាលដាលកាត់អាស៊ីយ៉ាងលឿន បណ្តាលអោយមានការព្រមានអ្នកស្រុកចាប់ពីនូវ៉ែលសេឡង់ដល់ជប៉ុនអោយមានការប្រុងប្រយ័ត្ន ដើម្បីបន្ថយទំហំនៃការផ្ទុះជំងឺនេះជាថ្មីនិងជួយកុំអោយប្រព័ន្ធសុខាភិបាលរងសម្ពាធពេក។
កំណើននៃការឆ្លងថ្មី ភាគច្រើនឆ្លងអូមីក្រុងបំប្លែងខ្លួនប្រភេទBA.4/5 វាកាន់តែបង្កការប្រឈមបន្ថែមទៀតដល់អាជ្ញាធរ ដែលបាននិងកំពុងប្រឈមដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីការផ្ទុះកូវីដនៅរលកមុនៗ ក្នុងពេលពួកគេក៏ខិតខំជៀសវាងការរឹតត្បិតឬការបិទខ្ទប់ដែលបង្កការមិនសប្បាយចិត្តក្នុងចំណោមប្រជាជនផងដែរ។
រដ្ឋាភិបាលនូវ៉ែលសេឡង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសចែកម៉ាស់និងឧបករណ៍តេស្តិ៍រហ័សឥតគិតថ្លៃដើម្បីជួយសម្រួលប្រព័ន្ធសុខាភិបាលរបស់ប្រទេស ដែលកំពុងដោះស្រាយការហូរចូលអ្នកជំងឺកូវីដនិងផ្តាសាយក្នុងពេលអឌ្ឍគោលខាងត្បូងត្រជាក់។
នូវ៉ែលសេឡង់ ដែលមានប្រជាជន៥,១លាននាក់ មានអ្នកឆ្លងកូវីដ១៩ជិត៦៩.០០០នាក់ ក្នុងនេះ ៧៦៥នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ ។
នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ សុំអោយប្រជាជនមានការប្រុងប្រយ័ត្ននិងពាក់ម៉ាស់ ចាក់វ៉ាក់សាំងដូសជំរុញនិងដាក់ខ្លួននៅដាច់ពីគេបើឆ្លងកូវីដ១៩
នៅជប៉ុន ការឆ្លងកូវីដ១៩បានឡើងបានឡើងដល់កំរិតខ្ពស់មិនដែលជួបគិតចាប់តាំងពីដើមឆ្នាំ។រដ្ឋាភិបាលបានអំពាវនាវអោយប្រជាជនមានការប្រយ័ត្នប្រយែងនៅមុនការឈប់សម្រាកចុងសប្តាហ៍ដ៏វែងនិងវិស្សមកាលរដូវក្តៅរបស់សិស្សសាលានៅពេលខាងមុខ។
ជប៉ុនបានរកឃើញអ្នកឆ្លងថ្មីជិត៩៥.០០០នាក់កាលពីថ្ងៃពុធ ហើយចំនួនឆ្លងកើនជាងពីរដងធៀបនឹងមួយសប្តាហ៍មុន។
ដូចនូវ៉ែលសេឡង់ដែរ កូរ៉េខាងត្បូងបានទទួលការសរសើរចំពោះចម្លើយតបរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ តែត្រឹមថ្ងៃពុធទី១៣កក្កដាចំនួនឆ្លងមួយសប្តាហ៍បានកើនបីដងដល់ចំនួនជាង៣៩.០០០នាក់ហើយអ្នកជំនាញព្រមានថាចំនួនឆ្លងអាចនឹងឡើងដល់២០០.០០០នាក់ក្នុងមួយថ្ងៃនៅយ៉ាងយូរត្រឹមពាក់កណ្តាលខែក្រោយដល់ចុងខែកញ្ញា។
អូស្ត្រាលី ក្នុងពេលជាមួយគ្នាក៏បានព្រមានថាខ្លួនអាចនឹងរងការវាយប្រហារពីកូវីដ១៩នៅពីរបីសប្តាហ៍ខាងមុខជំរុញឡើងដោយមេរោគប្រភេទBA.4/5។អាជ្ញាធរថែមទាំងរំពឹងថានឹងមានអ្នកឆ្លងថ្មីរាប់លានអ្នកឯណោះ តែច្រានចោលការរឹតត្បិតតឹងតែង។
នៅពេលការឆ្លងនៅថៃស្ថិតជាង២.០០០នាក់ថេរក្នុងមួយថ្ងៃ ការឆ្លងនៅឥណ្ឌូនេស៊ីកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីខែមីនាមក។ចំនួនឆ្លងនិងចំនួនចូលដេកពេទ្យដោយកូវីដ១៩នៅហ្វីលីពីននៅទាប តែរដ្ឋាភិបាលបានព្រមានថាចំនួនឆ្លងនឹងកើនឡើងយ៉ាងតិច២០ដងនៅយ៉ាងយូរត្រឹមចុងខែ។
ចិនដីគោកបានរាយការណ៍ចំនួនឆ្លងជាមធ្យមមួយថ្ងៃជាង៣០០នាក់នៅខែកក្កដានេះ គឺខ្ពស់ជាង៧០នាក់កាលពីខែមិថុនា ៕