ភ្នំពេញៈ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជាបាន​ពន្យល់ថា​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​គឺ​បង្កើត​ឲ្យ​មាន​ភាពច្បាស់លាស់​មួយ​នៅក្នុង​ការធានា​នូវ​និរន្ត​ភាព​នៃ​ការដឹកនាំ​រដ្ឋ​និង​មិនមាន​ប៉ះពាល់ ទៅដល់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ឬក៏​ធ្វើ​ឲ្យ​មានការ​ថមថយ​ឬ​មិនមាន​ការកាត់បន្ថយ​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ព្រោះ​មាត្រា​ដែល​ត្រូវធ្វើ​វិសោធនកម្ម​កន្លងមកនេះ​គឺ​នៅមាន​ភាព​ចន្លោះប្រហោង​ច្រើន​ដែល​នាំ ឲ្យ​មានការ​បកស្រាយ​ផ្សេងៗ​គ្នា ហើយ​បង្កើត​ឲ្យ​មាន​អន្តរកាល​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​និរន្ត​ភាព​នៃ​ការគ្រប់គ្រង​រដ្ឋ​។ ចំពោះ​ការ​លើកឡើងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ បានធ្វើ​ឲ្យ​ថយ​ដំណើរការ​ឬក៏​គោលការណ៍​នៃ លទ្ធិប្រជាធិបតេយ្យ គឺ​លោក​មិនមាន​ការយល់ស្រប​ទេ​។​


លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជា(រូបថតឯកសារ)

​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជាបា​មានប្រសាសន៍ ប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​១៤ ខែកក្កដានេះ​ថា បន្ទាប់ពី​បាន​អាន​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ គឺ​ការធ្វើ​វិសោធន​កម្មនេះ មិនមាន​ប៉ះពាល់​ទៅដល់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ឬក៏​ធ្វើឲ្យ​មានការ​ថមថយ ឬ​មិនមាន​ការកាត់បន្ថយ​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ឬក៏​មិនមាន​ការបន្ថែម​បន្ទុក​ដល់​ប្រជាពលរដ្ឋ​នោះទេ​។ ក៏ប៉ុន្តែ​លោក​យល់ឃើញថា ការធ្វើ​វិសោធន​កម្មនេះ គឺ​បង្កើត​ឲ្យ​មាន​ភាពច្បាស់លាស់​មួយ​នៅក្នុង​ការដឹកនាំ​រដ្ឋ ធានា​នូវ​និរន្ត​ភាព នៃ​ការដឹកនាំ​រដ្ឋ​។ ព្រោះ​មាត្រា​ដែល​ត្រូវធ្វើ​វិសោធនកម្ម​កន្លងមកនេះ គឺ​នៅមាន​ភាព​ចន្លោះប្រហោង​ច្រើន​ដែល​នាំ​ឲ្យ​មានការ​បកស្រាយ​ផ្សេងៗ​គ្នា ហើយ​បង្កើត​ឲ្យ​មាន​អន្តរកាល​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​និរន្ត​ភាពនៃ​ការគ្រប់គ្រង​រដ្ឋ​ ហើយ​លោក​មើលមិនឃើញ​ថា ការធ្វើ​វិសោធន​កម្មនេះ​នាំ​ឲ្យ​មានការ​ខាតបង់​អ្វី​នោះទេ​។ តែ​ផ្ទុយទៅវិញ​វា​អាច​ធានា​នូវ​និរន្ត​ភាព​នៃ​ការគ្រប់គ្រង​រដ្ឋ​។

​លោ​កប​ណ្ឌិត គិ​ន ភា បាន​បន្តថា ចំពោះ​ការ​លើកឡើងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះបានធ្វើ​ឲ្យ​ថយ​ដំណើរការ ឬក៏​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​លោក​មិនយល់ស្រប​ទេ ពាក់ព័ន្ធ​ជាមួយនឹង​ការកោះហៅ​មន្ត្រី​រដ្ឋាភិបាល ឬក៏​សមាជិក​គណៈរដ្ឋមន្ត្រី​មក​បំភ្លឺ​នៅ​រដ្ឋសភា ពាក់ព័ន្ធ​ជាមួយនឹង​ចំនួន​នៃ​អ្នកតំណាងរាស្ត្រ​ដែល​អាច​កោះហៅ​តំណាង​រដ្ឋាភិបាល ឬក៏​សមាជិក​រាជរដ្ឋាភិបាល​មក​បំភ្លឺ​ទៅ​ករណី​ផ្សេង​។ លោក​គិតថា ការដំឡើង​ចំនួន​កូរ៉ុម​បែបនេះ ជាការ​ដាក់​ទម្ងន់​បន្ថែ​ម ឬក៏​ការ​ឲ្យ​តម្លៃបន្ថែម​ទៅលើ​មតិ​ភាគច្រើន គឺ​នៅពេលដែល​មានមតិ​ភាគច្រើន​ជាង​មុន (​ពីមុន ១​ភាគ​១០) អ្នកតំណាងរាស្ត្រ ១​ភាគ​១០ អាច​កោះហៅ​តំណាង​រដ្ឋាភិបាល​មក​បំ​ភ្លឺ​ចំពោះ​បញ្ហា​ណាមួយ ។ប៉ុន្តែ​ឥឡូវនេះ​មានការ​កែរ​មក ១​ភាគ​៣នៃ​អ្នកតំណាងរាស្ត្រ គឺអាច​កោះហៅ​តំណាង​រាជរដ្ឋាភិបាល​មក​បំភ្លឺ​ករណី​ណាមួយ​។​កន្លែង​នេះ​គឺជា​ការផ្តល់​នូវ​តម្លៃ​ទៅលើ​មតិ​ភាគច្រើន​ជាង​មុន​នៅក្នុង​ការកោះហៅ​តំណាង​រាជ​រដ្ឋាភិបាល​មក​បំភ្លឺ​ករណី​ណាមួយ​។

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់ថា “​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បើ​យើង​និយាយ​ពី​គោលការណ៍ គឺ​មានន័យថា វា​ទាមទារ​ឲ្យ​ស្ថានភាព​តម្រូវ ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​របស់​យើង​អាច​ធានាបាន​នូវ​ការអនុវត្តធានាបាន​នូវ​និរន្ត​ភាពនៃ​ការគ្រប់គ្រង​រដ្ឋហើយមិនមានការប៉ះពាល់ទៅដល់គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ ប៉ះពាល់​ទៅដល់​សិទ្ធិអំណាច​របស់​ប្រជាពលរដ្ឋ ឬក៏​ប៉ះពាល់​ទៅដល់​ស្ថាប័ន​នយោបាយ ឬក៏​ស្ថាប័ន​ធម្មនុញ្ញ​ដែលមាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ ក៏ប៉ុន្តែ​វា​បង្កើត​ភាពច្បាស់លាស់​មួយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​យើង ក្នុងការ​អនុវត្ត​គោលការណ៍​ច្បាប់ គោលការណ៍​នៃ​ការធានា​និរន្ត​ភាព​នៃ​ការគ្រប់គ្រង​រដ្ឋ ។

លោកបន្តថា ក៏ប៉ុន្តែ​គេ​ត្រូវ​ទទួលស្គាល់​លើ​ចំណុច​មួយ​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៅពេល​ដែលមាន​ការធ្វើ​វិសោធនកម្ម​ញឹក​ញ​ប់​ពេក គឺ​វា​ធ្វើ​ឲ្យ​រដ្ឋធម្មនុញ្ញ​របស់​យើង​ក្លាយទៅជា​រដ្ឋធម្មនុញ្ញ​ទន់ ហើយ​ធ្វើ​ឲ្យ​មានការ​លើកឡើងថា រដ្ឋធម្មនុញ្ញ​វា​ហាក់ដូចជា​ច្បាប់​ធម្មតា​ដែល​ចេះតែ​នាំគ្នា​ធ្វើ​វិសោធនកម្ម​ចុះឡើងៗ ឬក៏​ច្រើនដង​ពេក​។លោកបន្ថែមថា ជា​ទស្សនៈ​របស់ខ្ញុំ​យល់ថា ស្ថាប័ន​ពាក់ព័ន្ធទាំង​រាជរដ្ឋាភិបាល ទាំង​រដ្ឋសភា ព្រឹទ្ធសភា ទាំង​ក្រុមប្រឹក្សាធម្មនុញ្ញ គួរតែ​ពិនិត្យមើល​ទៅលើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ល្អិតល្អន់​ស៊ីជម្រៅ​យក​ចិ​ត្តិ​ទុកដាក់​ពិចារណា​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​ទូទៅ​ថា តើ​មាន​ចំណុច មាន​មាត្រា មាន​កថាខណ្ឌ ឬ​មាន​ចំណុច​ត្រង់ណា​ទៀត​ដែល​ត្រូវធ្វើ​វិសោធនកម្ម គួរតែ​ត្រូវធ្វើ​វិសោធនកម្ម​ឲ្យ​បាន​ពេញលេញ កុំ​ឲ្យ​យើង​ដើរ​ប៉ះ​មួយ​ជំហាន​ធ្វើ​វិសោធនកម្ម​ម្តង មួយ​ជំហាន​ធ្វើ​វិសោធនកម្ម​ម្តង វា​ធ្វើ​ឲ្យ​រដ្ឋធម្មនុញ្ញ​វា​ខូច​ទ្រង់ទ្រាយ ថ្វីបើ​វា​មិន​ប៉ះពាល់​ទៅដល់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សិទ្ធិអំណាច​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​វា​ខូច​ទ្រង់ទ្រាយ ហើយ​វា​បង្កើត​ទៅជា​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ដំណើរការ​នេះ​ទៅវិញ​”​។​

​គួររំលឹកថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តីក្រាបបង្គំទូលថ្វាយ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាព ការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​គួរ​បញ្ជាក់ថា “​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​” ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២៕ ( ប្រភពAMS)