ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកស្ទឹងនៅក្រុងពោធិសាត់ អាចនឹងឡើងដល់ ៥,៤០ ម៉ែត្រ គឺលើសពីកម្រិតត្រូវប្រកាស ឱ្យមានការប្រុងប្រយ័ត្ន ០,៤០ ម៉ែត្រ នៅពាក់កណ្តាលយប់នេះ តែវាស្រកទៅវិញ នៅពេលព្រឹក ដោយសារតាមបណ្តាស្ទឹង នៅភាគខាងលើ ទឹកបានស្រក ទៅវិញអស់ហើយ។ ឯនៅក្រុងបាត់ដំបង ទឹកស្ទឹងសង្កែ ក៏បានឡើង ជិតដល់កម្រិត ត្រូវប្រកាស ឱ្យមានការប្រុងប្រយ័យ ហើយដែរ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា នេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅល្ងាចថ្ងៃទី១៤ ខែកក្កដាថាៈ ទឹកស្ទឹងនៅក្រុងពោធិសាត់ នៅពេលល្ងាចនេះ បានឡើងដល់កម្រិតកម្ពស់ ៥,២៥ ម៉ែត្រ បានន័យថា ឡើងលើសកម្រិត ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ០,២៥ ម៉ែត្រហើយ តែទឹកមិនទាន់បានហៀរចូល ក្រុងនៅឡើយទេ ចាប់ពីក្រោយពេល នៅតាមមាត់ស្ទឹង ត្រូវបានធ្វើទំនប់ (ឃឿនសួនច្បារ) ការពារ និងមាត់លូ ត្រូវបានបិទរួចមក។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកស្ទឹងនៅក្រុងពោធិសាត់ អាចនឹងឡើងដល់កម្រិតកម្ពស់ ៥,៤០ ម៉ែត្រ នៅកណ្តាលយប់នេះ តែវានឹងស្រកចុះទៅវិញ ជាលំដាប់ នៅពេលព្រឹកស្អែក ដោយសារស្ទឹងវាលវែង ទឹកបានស្រកចុះដល់បាទស្ទឹង ឯស្ទឹងក្រវាញ ទឹកក៏បានស្រកចុះ ជាលំដាប់វិញដែរ។
ចំណែកឯក្រុងបាត់ដំបង់វិញ លោក ចាន់ យុត្ថា បានបញ្ជាក់ថាៈ នៅពេលល្ងាចនេះ ទឹកស្ទឹងសង្កែ បានឡើងដល់កម្រិត ១៣ ម៉ែត្រ តែវាមិនអាចឡើងដល់កម្រិត ១៣,៨០ ម៉ែត្រ ដែលជាកម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ដោយសារទឹកហូរ ចូលតាមលូ នោះទេ ដោយសារយើង បានបិទទ្វារនៃ អាងទឹកពហុបំណង សេកសក មួយរយៈ ដើម្បី ឱ្យទឹកស្ទឹងសង្កែ ស្រកចុះ ក្នុងពេលដែលភាគខាងលើ លែងមានភ្លៀង ធ្លាក់ខ្លាំង៕/V