ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ចាប់តាំងពីរសៀល ថ្ងៃទី១៣ ដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ ទឺកស្ទឹងសង្កែ បានជោរជន់ហក់ឡើង យ៉ាងគំហុក ពីចំណុច បាតស្ទឹង រហូតដល់មានកម្ពស់ ១៣ ម៉ែត្រ ថែមទាំងកម្លាំងទឹកហូរខ្លាំង កួចត្របាញ់ចាក់ឆ្ពោះ ទៅផ្ទៃបឹងទន្លេសាប យ៉ាងលឿន ដែលករណីនេះ បង្កមកពីភ្លៀងធ្លាក់ជាច្រើនថ្ងៃ នៅប៉ែកខាង លើស្រុកសំឡូត បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែ ហក់ជន់ខ្ពស់។

ប្រជាពលរដ្ឋរស់នៅតំបន់ស្រុកសំឡូត បានលើកឡើងថាៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ភ្លៀងចាប់ផ្តើមធ្លាក់បន្ថែមទៀត ហើយក្រោយមេឃ រាំងភ្លៀងបានមួយថ្ងៃ និងជន់លិចផ្ទះ និងដំណាំដំឡូង របស់ប្រជាពលរដ្ឋ មួយចំនួនតូច។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថាៈ ជំនន់ទឹកស្ទឹងសង្កែ ហក់ឡើងលឿននេះ ដោយសារ ៣-៤ ថ្ងៃមុន មានទឹកភ្លៀងធ្លាក់ នៅប៉ែកខាងលើ របស់ស្រុកសំឡូត ទើបទឹកបានហូរស្រុងចាក់ចូលផ្ទៃទំនប់ ស្តុកទឹកសេកសក លើសចំនួនអតិបរមា ធ្វើឲ្យមន្ត្រីជំនាញ បើកបន្ធូរទ្វារទឹកបន្តិច ប៉ុន្តែនៅរសៀលនេះ មន្ត្រីជំនាញ បានបិទទ្វារទឹកវិញហើយដូច្នេះបងប្អូនកុំព្រួយបារម្ភ វាគ្រាន់តែជាកន្ទុយទឹក ប៉ុណ្ណោះ ដែលហូរឆ្លងកាត់ទីប្រជុំជន ក្រុងបាត់ដំបង។

មន្ត្រីធនធានទឹក ខាងលើ បានឲ្យដឹងដែរថាៈ ពេលនេះ ជំនន់ទឹកភ្លៀងបានហូរចាក់ចូលអូរ និងព្រែកធំៗ ខ្លះហើយ ដោយសារទំនប់ទប់ទឹក នៅសាលាតាអន ស្រុកឯកភ្នំ បានបិទបង្ខាំង ដើម្បីឲ្យធារទឹកហៀរចែកចាយ ទៅកាន់ទីទាប៕/V