​ប្រែ​សម្រួលៈ​បំណង​(CNA,VnExpress)៖ ការ​កើត​ជំងឺ​គ្រុនឈាម​នៅ​វៀតណាម​តាំងពី​មុន​មក​ក្នុងឆ្នាំនេះ​បាន​កើន​ឡើង​ជាង​ពីរដង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១ នេះ​បើ​តាម​ការប្រកាស​​របស់​ក្រសួង​សុខាភិបាល​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កក្កដា ដោយ​ក្រសួង​បាន​ព្រមាន​អោយ​បណ្តា​មន្ទីរពេទ្យ​ត្រៀម​សំរាប់​អ្នក​ជំងឺគ្រុនឈាម​ច្រើន​ទៀត​។​

​គ្រុនឈាម ជា​ជំងឺ​ឆ្លងតាម​មូស​ខ្លាខាំ​ដ៏​សាមញ្ញ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដោយ​បង្ក​រោគសញ្ញា​ដូច​ផ្តាសាយ តែ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​វា​នៅ​ឡើយ​ទេ​។​ករណី​ធ្ងន់ធ្ងរ​អាចអោយ​អ្នកជំងឺ​ចេញឈាម​ក្នុង​ខ្លួន​​និង​ស្លាប់​។​

​សូមបញ្ជាក់​ថា វៀតណាម​បាន​កត់ត្រា​ឃើញ​មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម​នេះ​ចំនួន​៨៩.១២០​នាក់​នៅ​រយៈពេល​៦​ខែ​ដើមឆ្នាំ ដោយ​កើន​ពី​ចំនួន​៣៥.៩៣៦​នាក់​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ដូចគ្នា​កាលពី​ឆ្នាំ​២០២១​ឬ​កើន​១៤៨​ភាគរយ​។​

​ចំនួន​ស្លាប់​ដោយ​ជំងឺ​នេះ​កើន​មួយ​ជា​បី​ដល់​ចំនួន​៣៤​នាក់​ក្នុង​រយៈពេល​ដូចគ្នា​។​

​ប្រទេស​ដែល​មាន​ប្រជាជន​៩៨​លាន​នាក់​នេះ តាម​ធម្មតា​កត់ត្រា​ឃើញ​អ្នក​កើត​គ្រុនឈាម​ប្រមាណ​១១០.០០០​ក្នុង​មួយឆ្នាំ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​ចំនួន​ឆ្លង​កើន​ខ្ពស់​នៅ​ចន្លោះ​ខែមិថុនា​និង​តុ​​លា​។​

​ក្រសួង​បាន​និយាយថា​« ចំនួន​ឆ្លងកូវី​ដ​១៩​ត្រូវ​ព្យាករណ៍​ថា​នឹង​ឡើង​ថែម​ទៀត និង​ករណី​ធ្ងន់ធ្ងរ​ក៏​នឹង​មាន​នៅ​តាម​មន្ទីរពេទ្យ​ច្រើន​ទៀត​ផង​ដែរ​។​មន្ទីរពេទ្យ​ទាំងអស់​តាម​ខេត្ត​និង​ស្រុក ត្រូវ​យកចិត្ត​​ទុកដាក់​ត្រៀម​ប្រភព​ធនធាន​របស់​ខ្លួន​ដើម្បី​ទទួល​និង​ព្យាបាល​ករណី​ធ្ងន់ធ្ងរ​»៕

​បន្ទប់​សង្គ្រោះ​បន្ទាន់​និង​បន្ទប់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ICU និងតាមផ្លូវដើរនៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ហូជីមិញ​ពោរពេញ​ដោយ​អ្នកជំងឺ​គ្រុន​ឈាន​កាលពី​ថ្ងៃ​០២​កក្កដា ឆ្នាំ​២០២២