ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាជ្ញាធរបាននិយាយថា ការរអិលបាក់ភក់បានសង្កត់លើសាលាបឋមសិក្សាជនបទមួយកន្លែងនៅលើភ្នំភាគខាងត្បូងនៃទីក្រុងមេឌែលលីន (Medellin) កាលពីថ្ងៃព្រហស្បតិ៍ទី១៤កក្កដា ដោយសម្លាប់កុមារតូចៗបីនាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបោកបក់លើភាគខាងជើងនិងខាងលិចរបស់កូឡុំប៊ី។
មន្ត្រីនៅក្នុងខេត្តអេនទីអូគៀ (Antioquia) បាននិយាយថា កុមារប្រហែល ២០ នាក់កំពុងអង្គុយនៅក្នុងអាហារដ្ឋាននៃសាលាឡាឡេចៀ (La Lejia) នៅពេលការរអិលបាក់ភក់វាយប្រហារ។ ភាគច្រើននៃពួកគេបានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់ ប៉ុន្តែកុមារបីនាក់ដែលមានអាយុក្រោម ៦ ឆ្នាំបានស្លាប់ ហើយក្មេងពីរនាក់ដែលគេជីកយកចេញពីអគារ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក វ័ន ប៉ាប្លូ ឡូប៉េស (Juan Pablo Lopez) លេខាធិការនៃការអភិវឌ្ឍដែនដីរបស់ខេត្តអេនទីអូគៀ បាននិយាយថាដីដែលជ្រៀបទឹកបានរលុងហើយរអិលធ្លាក់ចុះពីជិតកំពូលភ្នំគ្របលើសាលារៀនដែលស្ថិតនៅតំបន់ក្បែរទីក្រុងអេនដេស (Andes)ចម្ងាយធ្វើដំណើរប្រហែលបីម៉ោងពីទីក្រុងមេឌែលលីន។
អាជ្ញាធរបាននិយាយថា ការរអិលបាក់ដីមួយផ្សេងទៀតនៅជាយក្រុងមេឌែលលីនបានសម្លាប់មនុស្សពីរនាក់កាលពីថ្ងៃព្រហស្បតិ៍៕
ក្រុមអ្នកជួយសង្គ្រោះនិងអ្នកស្រុកកំពុងស្វែងរកអ្នកនៅរស់ក្នុងហេតុការណ៍រអិលបាក់ភក់នៅសាលាឡាឡេចៀ