ដោយៈ បូកគោ/កំពតៈ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកបួននាក់ទៀតរងរបួសធ្ងន់ដោយសារជិះម៉ូតូកៀរគ្នា រួចម៉ូតូមួយគ្រឿងរេចង្កូតចូលរថយន្តបើកមកពីមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា យុវជនដែលបាត់បង់ជីវិតឈ្មោះហយ ពេជ្រចាន់ភីនុត អាយុ ១៥ឆ្នាំ។ ចំណែកយុវជនដែលរងរបួសទាំងបួននាក់ រួមមាន ១. ឈ្មោះសុវណ្ណា ឡេង អាយុ ១៦ឆ្នាំ, ២.ឈ្មោះ ណន មិនា អាយុ ១៩ឆ្នាំ, ៣. ឈ្មោះសុភ័ណ្ឌ ម៉េងលី អាយុ ១៥ឆ្នាំ, ៤.ឈ្មោះម៉ៅ ភត្រា អាយុ ១៤ឆ្នាំ។ ទាំង៥នាក់សុទ្ធតែមិនបានពាក់មួកសុវត្ថិភាព និងមានទីលំនៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថាកាលពីវេលាម៉ោង៤:៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩-១៥០ ដោយម៉ូតូម៉ាកអ៊ែរប្លែដ ជិះគ្នាពីរនាក់បើកមកពីទិសខាងជើងបានកៀរម៉ូតូម៉ាកហុងដាមានគ្នាបីនាក់ រួចម៉ូតូអ៊ែរប្លែដបានរេចង្កូតចូលរថយន្តហ្វ៊តមកពីមុខបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកបួននាក់ទៀតរងរបួសធ្ងន់។ មន្ត្រីសមត្ថកិច្ចបានបន្តថា ភ្លាមៗ អ្នកបើកបរបានបើកទ្វាររត់គេចបាត់ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ ក្នុងស្ថានភាពបែបនេះ អ្នកជិតខាងក៏បានហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕