ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: យ៉ាងហោចណាស់​ក៏មាន​ប្រទេស​ចំនួន​៧​ដែរ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​អះអាងថា​នឹងចូលរួម​ប្រកួត​គុន​ល្បុក្កតោ​ដែល​បានដាក់​បញ្ចូល​ក្នុង​ចង្កោម​យុទ្ធ​គុន​ចម្រុះ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ឲ្យ​ដឹងថា ពេលនេះ មាន​ប្រទេស​៦​ទៅ​៧​ហើយ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ដែល​ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ក្នុង​ចង្កោម​នៃ​យុទ្ធ​គុន​ចម្រុះ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​នេះ​ជាការ​បញ្ជាក់​របស់លោក​អគ្គលេខាធិការ នៅក្រោយពេល​បញ្ចប់​កិច្ចពិភាក្សា និង​ចុះហត្ថលេខា​ជាមួយ​តំណាង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូណេស៊ី និង​តំណាង​ស្ថានទូត​ឥណ្ឌូណេស៊ី​ក្នុងការ​ផ្លាស់ប្តូ​រការ​នៃ​ហ្វឹ​ហាត់គុន​ល្បុក្កតោ និង​បញ្ច​សិលា​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២​។​​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កំណត់ត្រា​នៃ​ដំណើរការ​ផ្លាស់ប្តូរ​គ្នា​រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​បញ្ច​សិលា​របស់​ឥណ្ឌូណេស៊ី​ហើយ​បានកំណត់​ពេលវេលា​ក្នុងការ​បញ្ជូន​ក្រុម​កីឡាករ​កីឡាការិនី​កម្ពុជា​ចេញទៅ​ហ្វឹកហាត់​កីឡា​បញ្ច​សិលា និង​រៀបចំ​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា​ទៅ​បង្ហា​ត់ដល់​កីឡាករ​កីឡាការិនី​ឥណ្ឌូណេស៊ី​ដែល​ក្បាច់គុន​ទាំងពីរ​នេះ​នឹងត្រូវ​រៀបចំ​ការប្រកួត​នៃ​យុទ្ធ​គុន​ចម្រុះ សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។​នេះ​ជា​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​បញ្ជ្រាប​ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះ​ទៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ឥណ្ឌូណេស៊ី​នឹង​បង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ឥណ្ឌូណេស៊ី​។​

​លោក​ចាត់ទុកថា​នេះ​ក៏​ជាការ​ពង្រីក​សក្តានុពល​របស់​គុន​ល្បុក្កតោ​កម្ពុជា​បន្ថែម​ទៀត ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងការ​ត្រៀម​រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយពេល​នេះ​មាន​៦​ទៅ​៧​ប្រទេស​ហើយ​។នា​ដើមខែ​សីហា​ខាងមុខនេះ​កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៣០​នាក់​ទៅ​ហ្វឹកហាត់​
​បញ្ច​សិលា​នៅ​ឥណ្ឌូណេស៊ី​រហូតដល់​ជិត​ស៊ី​ហ្គេម​២០២៣​តែម្តង​។ ដើម្បី​ពង្រឹងគុណភាព​ទាំង​ការរៀបចំ និង​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ឲ្យ​បាន​ជោគជ័យ​។​

​លោក វ៉ា​ត់ ចំរើន ក៏បាន​អះអាង​ពី​ផែនការ នៅ​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ កម្ពុជា​នឹង​ទទួល​រៀបចំ​ការប្រកួត​កីឡា​ជើងឯក​គុន​ល្បុក្កតោ និង​បញ្ច​សិលា​អាស៊ីអាគ្នេយ៍ ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ​កីឡាការិនី​និង​មន្ត្រី​រៀបចំ​ការប្រកួត​នៃ​ប្រភេទ​កីឡា​យុទ្ធ​គុន​ទាំងពីរ​នេះ​ឲ្យ​កាន់តែ​ជាក់ច្បាស់ ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ផង​នោះ ក៏បាន​បង្ហាញ​ពី​ការពិភាក្សាគ្នា​យ៉ាង​លម្អិត​និង​បាន​ឯកភាពគ្នា​ក្នុងការ​ត្រៀម​រៀបចំ​ការហ្វឹកហាត់​រប​ស់​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា អំឡុងពេល​ហ្វឹកហាត់​នៅ​ឥណ្ឌូណេស៊ី​។​នេះ​ជា​លទ្ធផល​ផ្លែផ្កា​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ហ្វឹកហាត់​ឲ្យ​រលូន​បន្ទាប់ពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​ខែ​មុន​រវាង​កម្ពុជា​និង​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​ពិភពលោក​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី​នៅក្នុង​ជំនួប​សវន​ការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​៕​