ប្រែសម្រួលៈបំណង(CNA)៖ ប្រធានាធិបតីស្រីលង្កាបានដាក់ពាក្យសុំលាឈប់ពីតំណែងក្រោយលោកជិះយន្តហោះទៅដល់សិង្ហបុរីភ្លាមកាលពីថ្ងៃព្រហស្បតិ៍ទី១៤កក្កដា នៅពេលតែមួយថ្ងៃក្រោយលោកជិះយន្តហោះយោធាភៀសខ្លួនទៅកាន់កោះម៉ាល់ឌីវ ចំពេលពួកបាតុករសំរុកចូលគេហដ្ឋានផ្លូវការរបស់លោកដើម្បីបង្ខំអោយលោកលាឈប់ដោយសារតែវិបត្តិសេដ្ឋកិច្ចមហាធ្ងន់ធ្ងរ។
អ្នកនាំពាក្យប្រធានសភាជាតិបាននិយាយថា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា(Gotabaya Rajapaksa)បានអ៊ីម៉េលពាក្យសុំលាឈប់របស់លោកហើយវានឹងត្រូវពិនិត្យហ្មត់ចត់មុនអាជ្ញាធរស្រីលង្កាប្រកាសជាផ្លូវការ ប្រហែលជានៅថ្ងៃសុក្រទី១៥កក្កដានេះ ។
សូមបញ្ជាក់ថា លោករ៉ាចាប៉ាក់សា បានភៀសខ្លួនចេញពីស្រីលង្កាកាលពីដើមថ្ងៃពុធ ក្រោយអ្នកតវ៉ាប្រឆាំងចូលលុកលុយវិមានរបស់លោកកាលពីចុងសប្តាហ៍ដោយដំបូងលោកទៅម៉ាល់ឌីវ និងឥឡូវនៅសិង្ហបុរី។
លោកជាប្រធានាធិបតីដំបូងគេដែលលាឈប់កណ្តាលអាណត្តិចាប់តាំងពីស្រីលង្កាប្រកាន់យកប្រព័ន្ធរដ្ឋាភិបាលអាស្រ័យប្រធានាធិបតីនៅឆ្នាំ១៩៧៨។
ហ្វូងមនុស្សដែលខ្លះគ្រវីទង់ជាតិ បាននាំគ្នារាំច្រៀងនៅក្រៅការិយាល័យប្រធានាធិតីក្នុងទីក្រុងកូឡុំបូពេលឮដំណឹងលោករ៉ាចាប៉ាក់សាលាឈប់ ដោយអ្នកតវ៉ាប្រឆាំងម្នាក់បាននិយាយថា «នេះជាជោគជ័យធំមួយ តែវាគ្រាន់តែជាជំហានដំបូងមួយប៉ុណ្ណោះ»។
ក្រោមរដ្ឋធម្មនុញ្ញស្រីលង្កា នាយករដ្ឋមន្ត្រី រ៉ានីល វិកក្រេមេស៊ីង(Ranil Wickremesinghe)នឹងក្លាយជាប្រធានាធិបតីស្តីទីជាស្វ័យប្រវត្តិ រហូតដល់សភាជ្រើសរើសបានប្រធានាធិបតីថ្មីម្នាក់។
លោករ៉ាចាប៉ាក់សា ភរិយានិងអង្គរក្សពីរនាក់បានទៅដល់សិង្ហបុរីក្នុងដំណើរចេញពីទីក្រុងម៉ាល់តាមជើងហោះហើររបស់អារ៉ាប៊ីសាអូឌីតមួយកាលពីថ្ងៃ១៤កក្កដា
គេជឿថា អតីតប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ូហាម៉េត ណាស៊ីដ(Mohamed Nasheed)បានដើរតួនាទីនៅពីក្រោយឆាកដើម្បីអោយលោករ៉ាចាប៉ាក់សាចេញពីប្រទេសដោយខ្លាចលោកត្រូវគេសម្លាប់បើបន្តនៅក្នុងប្រទេស។
លោកណាស៊ីដបានសរសេរបង្ហោះថា « ខ្ញុំជឿថាលោកប្រធានាធិបតីនឹងមិនលាឈប់ទេបើលោកបន្តនៅក្នុងស្រីលង្កា និងបារម្ភតែលោកអាចបាត់បង់ជីវិត»។
ក្នុងពេលជាមួយគ្នា ក្រសួងការបរទេសសិង្ហបុរីបានអះអាងថា លោករ៉ាចាប៉ាក់សា ត្រូវបានអនុញ្ញាតអោយចូលក្នុងប្រទេសសំរាប់«ដំណើរទស្សនកិច្ចឯកជន»មួយ និងថា«លោកមិនបានសុំសិទ្ធិជ្រកកោននិងក៏គ្មានការផ្តល់សិទ្ធិជ្រកកោនដែរ»។
យោងតាមប្រភពស្រីលង្កា លោកទំនងជានៅសិង្ហបុរីមួយរយៈ មុនបន្តដំណើរទៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត៕