ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖សហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៤កក្កដាដើម្បីពង្រឹងការរួបរួមរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ ខណៈប្រធានាធិបតីចូ បៃដិនបានប្តេជ្ញាថានឹងប្រើប្រាស់អំណាចអាម៉េរិក “ទាំងអស់” ដើម្បីបញ្ឈប់ទីក្រុងតេអេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។
សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក យែរ ឡាភីដ (Yair Lapid) និងលោកបៃដិនដែលកំពុងធ្វើដំណើរលើកដំបូងទៅកាន់មជ្ឈិមបូព៌ាក្នុងនាមជាប្រធានាធិបតី។
សេចក្តីប្រកាសនេះបានប្តេជ្ញាថា សហរដ្ឋអាម៉េរិក “មិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះឡើយ” ដោយបញ្ជាក់ថាខ្លួនបានត្រៀមលក្ខណៈដើម្បីប្រើប្រាស់សមាសធាតុទាំងអស់នៃអំណាចជាតិរបស់ខ្លួនដើម្បីធានាបាននូវលទ្ធផលនោះ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលដាក់ការទប់ស្កាត់លើកម្មវិធីនុយក្លេអ៊ែរសង្ស័យរបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មត្រូវបានបំផ្លាញក្នុងឆ្នាំ ២០១៨ ដោយអតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងនេះឡើងវិញបានជាប់គាំងតាំងពីខែមីនាមក។
នៅពេលសួរកាលពីថ្ងៃព្រហស្បតិ៍ថាតើសហរដ្ឋអាម៉េរិកត្រៀមខ្លួនយូរប៉ុណ្ណាដើម្បីផ្តល់កិច្ចខិតខំប្រឹងប្រែងទាំងនោះ លោកបៃដិននិយាយថា “យើងនឹងមិនរង់ចាំជារៀងរហូតនោះទេ”សម្រាប់ការឆ្លើយតបពីសាធារណរដ្ឋអ៊ីស្លាម។
អ៊ីស្រាអែល ដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរតែមួយគត់នៅមជ្ឈិមបូព៌ាប៉ុន្តែមិនដែលប្រកាសនោះទេ គឺប្រឆាំងយ៉ាងដាច់អហង្ការចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដែលតែងតែបដិសេធមិនស្វែងរកគ្រាប់បែកនុយក្លេអ៊ែរ។
លោកឡាភីដបានព្រមានថា “ពាក្យពេចន៍” និង “ការទូត” គឺមិនគ្រប់គ្រាន់ដើម្បីរារាំងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះឡើយ។
លោកបាននិយាយថា “រឿងតែមួយគត់ ដែលនឹងបញ្ឈប់អ៊ីរ៉ង់បាន គឺ ការដឹងថា ប្រសិនបើពួកគេបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ពិភពលោកសេរីនឹងប្រើប្រាស់កម្លាំង”។
ប្រធានាធិបតីអភិរក្សនិយមជ្រុលរបស់អ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi)បានព្រមានអាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួនថា ប្រទេសរបស់លោក”នឹងមិនទទួលយកវិបត្តិឬអសន្តិសុខណាមួយនៅក្នុងតំបន់នោះឡើយ”។
លោករ៉ៃស៊ីបាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “រាល់កំហុសដែលបានធ្វើនៅក្នុងតំបន់នេះនឹងត្រូវជួបជាមួយនឹងការឆ្លើយតបដ៏ខ្លាំងក្លានិងគួរឱ្យសោកស្ដាយបំផុត”៕
ប្រធានាធិបតីអាម៉េរិកចូ បៃដិននិងនាយករដ្ឋមន្ត្រីចាំផ្ទះរបស់អ៊ីស្រាអែល យែរ ឡាភីដ ចាប់ដៃគ្នាមុនពេលចុះហត្ថលេខាលើការសន្យាអំពីសន្តិសុខនៅទីក្រុងហ្ស៊េរុយសាឡិម