​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោកស្រី អ៊ី​វ៉ា​ណា ត្រាំ (Ivana Trump)​ជា​ភរិយា​ដំបូង​របស់​គាត់​និង​ជា​ម្តាយ​របស់​កូនច្បង​បី​នាក់​របស់​គាត់ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កក្កដា​ក្នុង​អាយុ ៧៣ ឆ្នាំ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅលើ​វេទិកា​បណ្តាញ​សង្គម Truth Social របស់​គាត់​ថា អ៊ី​វ៉ា​ណា ត្រាំ “​បាន​ទទួលមរណភាព​នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ញូវយ៉ក​”​។​

​លោក​ត្រាំ​មិន​បាន​ផ្តល់​មូលហេតុ​នៃ​ការស្លាប់​នោះទេ ប៉ុន្តែ​កាសែត New York Times បាន​រាយការណ៍​ថា​មន្ត្រី​អនុវត្ត​ច្បាប់​កំពុង​ស៊ើបអង្កេត​ថា​តើ​លោកស្រី​រអិល​ជើង​ធ្លាក់​ពីលើ​ជណ្តើរ​នៅ​ឯ​ផ្ទះ​​អា​ផាត​មិន ក្នុង​សង្កាត់​ម៉ា​ហា​ថា​ន (Manhattan) របស់​គាត់​ឬ​យ៉ាងណា​។​

​អ្នកនាំពាក្យ​របស់​នាយ​ក​ដ្ឋា​ន​ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា​មន្ត្រី​បាន​ឆ្លើយតប​ទៅ​នឹង​ការហៅ​ទូរស័ព្ទ​នៅ​អាសយដ្ឋាន​របស់​​លោកស្រី​នៅ​ផ្លូវ Upper East Side នៅ​ម៉ោង​ប្រហែល ១២៖៤០ ថ្ងៃត្រង់​។​

​អ្នកនាំពាក្យ​បាន​និយាយថា “​នៅ​ពេល​មកដល់ មន្ត្រី​បាន​សង្កេតឃើញ​ស្ត្រី​អាយុ ៧៣ ឆ្នាំ​ម្នាក់​សន្លប់​និង​មិន​កម្រើក​។ EMS (​សេវា​សង្គ្រោះបន្ទាន់​) បាន​ឆ្លើយតប​នៅ​ទីតាំង​ផ្ទាល់​និង​ប្រកាស​ថា​ជនរងគ្រោះ​​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា “​វា​ហាក់ដូចជា​មិន​មាន​ឧក្រិដ្ឋកម្ម​ណាមួយ​ទេ​” ហើយ​ថា​អ្នកពិនិត្យ​សុខភាព​របស់​ទីក្រុង​នឹង​កំណត់​មូលហេតុ​នៃ​ការស្លាប់​។​

​លោក ដូ​ណា​ល់ ត្រាំ អាយុ ៧៦ ឆ្នាំ​បាន​និយាយ​នៅក្នុង​បណ្តាញ​សង្គម​របស់​គាត់​ថា អ៊ី​វ៉ា​ណា ត្រាំ “​ជា​ស្ត្រី​ដ៏​អស្ចារ្យ ដ៏​ស្រស់ស្អាត និង​ដ៏​អស្ចារ្យ ដែល​បាន​ដឹកនាំ​ជីវិត​ដ៏​អស្ចារ្យ​និង​បំផុសគំនិត​បំផុត​”​។​

​លោក​បាន​បន្ថែមថា “​មោទនភាព​និង​សេចក្តី​រីករាយ​របស់​នាង​គឺ​កូន​ទាំង​បី​របស់​នាង គឺ ដូ​ណា​ល់ ជូនៀ (Donald Jr.) អ៊ី​វ៉ាន់​កា (Ivanka)​និង​អេ​រិក (Eric)​។​នាង​ពិតជា​មាន​មោទនភាព​​ចំពោះ​ពួកគេ​ខ្លាំងណាស់ ហើយ​ពួកយើង​ទាំងអស់គ្នា​ក៏​មាន​មោទនភាព​ចំពោះ​នាង​ផងដែរ​។ សូម​ទៅ​កាន់​សុខ​គតិ​ភព អ៊ី​វ៉ា​ណា​!”​។​

​លោកស្រី អ៊ី​វ៉ា​ណា ត្រាំ ដែល​ជា​តារា​បង្ហាញ​ម៉ូត​ធំធាត់​នៅក្រោម​ការគ្រប់គ្រង​របស់​កុម្មុយនីស្ត​នៅ​អតីតឆេកូ​ស្លូ​វ៉ាគី បាន​រៀបការ​ជាមួយ​លោក​ដូណាល់ ត្រាំ​ដែល​កាល​ណោះ​គឺជា​អ្នក​អភិវឌ្ឍ​អចល​ន​​ទ្រព្យ​ដ៏​ល្បី​ម្នាក់​ក្នុង​ឆ្នាំ ១៩៧៧​។​

​កូន​ដំបូង​របស់​ពួកគេ​គឺ ដូ​ណា​ល់ ជូនៀ បាន​កើត​នៅ​មួយ​ឆ្នាំ​ក្រោយ (១៩៧៨)​។ អ៊ី​វ៉ាន់​កា​កើត​នៅ​ឆ្នាំ ១៩៨១ ហើយ​អេ​រិក​កើត​នៅ​ឆ្នាំ ១៩៨៤៕

​លោកស្រី អ៊ី​វ៉ា​ណា ត្រាំ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កក្កដា​ក្នុង​អាយុ ៧៣ ឆ្នាំ