ដោយៈ សរិទ្ធ / ភ្នំពេញ: លោក សាន្ត ប៊ុនធឿន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិន ១១នាក់ ពាក់ព័ន្ធករណីកែច្នៃផលិតគ្រឿងញៀន ជាង ១,៨០ តោន និងសារធាតុគីមី ជាង ២៧៦ តោន នៅព្រលប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា សំណុំរឿងជនជាតិចិន ១១ នាក់ ពាក់ព័ន្ធករណីកែច្នៃផលិតគ្រឿងញៀន ជាង ១,៨០ តោន និងសារធាតុគីមី ជាង ២៧៦ តោន ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទផលិតដោយខុសច្បាប់ នូវសារធាតុញៀន បទផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់ តាមមាត្រា ៣៩ មាត្រា ៤៧ និងមាត្រា ៥៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនត្រូវចោទទាំង ១១ នាក់នេះ ទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

គួររំលឹកផងដែរថា ចាប់ពីថ្ងៃទី ៤-៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំង គ្រឿងញៀន (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដារិទ្ធ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា លោកវរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំងគយ ប្រចាំការ នៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំដូង ខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង ។

សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេត អស់រយៈពេលជាង ៣ខែ លុះដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវ សារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ ចំនួន ១២ គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ៧គោលដៅ ខេត្តស្វាយរៀង ២គោដៅ ខេត្តព្រៃវែង ១គោលដៅ ខេត្តកណ្តាល ២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង៕/V