ដោយៈ បូកគោ / កំពត: ជនជាតិបារាំង ជាម្ចាស់សេវាកម្មកម្សាន្តឧទ្យានដងព្រែក ដែលមានទីតាំងស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ បានចោទប្រកាន់ សមត្ថកិច្ចខេត្តកំពត ថាមិនអើពើបណ្តឹងរបស់ខ្លួន ពាក់ព័ន្ធករណីប៉ងធ្វើឃាត។ ទាំងសមត្ថកិច្ច និងអ្នករងការចោទប្រកាន់ បានអះអាងថា រាល់ការចោទប្រកាន់ របស់ជនបរទេសម្នាក់នោះ សុទ្ធតែជារឿងមិនពិត។
លោក អាឡិច ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក បានរៀបរាប់ក្នុងឃ្លីបវីដេអូ រយ:ពេលជាង ៤នាទី ដោយភ្ជាប់រូបរបស់លោក ថតនឹងថ្នាក់ដឹកនាំមួយចំនួន ព្រមទាំងសកម្មភាព នៅកន្លែងកម្សាន្ត ក៏ដូចជារូបភាពដែលអះអាង ពីភស្តុតាងផ្សេងៗផងនោះ មានខ្លឹមសារថាៈ កាលពី ៣ ខែមុន លោកបានរងអំពើហិង្សា ពីអ្នកជិតខាងឈ្មោះ សេង ឃាន ជាម្ចាស់អាហារដ្ឋាន ហ៊ងឃាន ដងព្រែក។ នាព្រឹកមួយ លោកស្ថិតនៅលើដងផ្លូវតែម្នាក់ឯង ស្រាប់តែគ្នីគ្នារបស់ឈ្មោះ សេង ឃាន មានគ្នាប្រាំនាក់ បានមកស្ទាក់ផ្លូវ និងព្យាយាម សម្លាប់លោក ដោយប្រើដែកទីប។ ឃើញស្ថានភាពបែបនោះ បុគ្គលិករបស់លោក បានមកជួយអន្តរាគមន៍ ដើម្បីជម្លៀសលោកចេញ។
ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែកដដែល បានបន្តថាៈ លោកបានរត់ទៅជួបសមត្ថកិច្ច ដោយប្រាប់ពីហេតុការណ៍លោក សេង ឃាន ចង់សម្លាប់លោក ហើយតម្រូវឲ្យចាកចេញ ពីមុខរបរ។ ប៉ុន្តែសមត្ថកិច្ច ហាក់មិនបានជួយអ្វីសោះ ហើយថែមទាំងបង្ខំឲ្យលោក ដកពាក្យបណ្តឹង ក្នុងរយ:ពេលមួយម៉ោង។
លោកអាឡិច បានបញ្ជាក់ថាៈ នាថ្ងៃបន្ទាប់ លោកក៏បានទៅរាយការណ៍ ដល់នគរបាល ខេត្តកំពត ដោយមានសាក្សី ក្នុងហេតុការណ៍ ពីរនាក់ អមដំណើរជាមួយ រួមទាំងវត្ថុតាង ផងដែរ។ ប៉ុន្តែអ្វីដែលលោកទទួលបានការឆ្លើយតបមកវិញ គឺសមត្ថកិច្ចមិនអាចចាប់ ជនសង្ស័យដែលព្យាយាម វាយសម្លាប់លោក នោះបានទេ។
បុរសជនជាតិបារាំងដដែល បានបន្តទៀតថាៈ ដោយសារគេស្គាល់ផ្ទះ លោកក៏បានជម្លៀស ប្រពន្ធកូនចេញ បន្ទាប់ពីចំណាយពេល អស់រយ:ពេល ប្រាំពីរឆ្នាំ ព្រោះដឹងច្បាស់ថា មិនអាចរស់នៅកម្ពុជា តទៅទៀតបាន។ ដូច្នេះលោកបានបន្តនីតិវិធី ជាមួយមេធាវី ក្នុងការដាក់ពាក្យបណ្តឹង រួមទាំងវត្ថុតាង ចូលក្រសួងមហាផ្ទៃ។
ឆ្លើយតបនឹងការលើកឡើង ខាងលើ លោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងទទួល ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពត បានរៀបរាប់ថាៈ ក្នុងនាមលោក ឧត្តមសេនីយ៍ទោ ស្នងការខេត្ត លោកសូមបដិសេធរាល់ការចោទប្រកាន់ ដែលថានគរបាល ខេត្តកំពត មិនអើពើចំពោះបណ្តឹង របស់ជនជាតិបារាំងរូបនោះ។ រាល់បទល្មើស ដែលបានកើតឡើង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ តែងណែនាំដល់កម្លាំងជំនាញ ឲ្យចុះស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត ពោលគឺ លោកស្នងការ មិនបានព្រងើយកន្តើយ ឬបន្ទុចបង្អាក់សំណុំរឿងណាមួយឡើយ។
លោកវរសេនីយ៍ឯក បានបន្តថាៈ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក អាឡិច បានប្តឹង ចូលការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តកំពត ពីករណីអ្នកជិតខាង ប៉ងធ្វើឃាត។ កាលនោះ សមត្ថកិច្ចបានកោះហៅឈ្មោះ សេង ឃាន មកសាកសួរ ហើយព្យាយាមសម្របសម្រួល តែដើមបណ្តឹងមិនសះជា។ ម្ល៉ោះហើយ មន្ត្រីការិយាល័យ អន្តោប្រវេសន៍ បានប្រាប់ថា ថ្ងៃស្អែក ត្រូវមកម្តងទៀត ដើម្បីសួរនាំ និងកសាងសំណុំរឿង បន្តនីតិវិធី។ ប៉ុន្តែដើមបណ្តឹងមិនបានមក តាមការសន្យាទេ គឺមកតែភាគី ដែលរងការចោទ ប្រកាន់។
លោក លក ញ៉ាវ បានប្រាប់ឲ្យដឹងទៀតថាៈ ស្រាប់តែថ្មីៗនេះ មានបញ្ជាពីក្រសួងមហាផ្ទៃ តម្រូវឲ្យនគរបាលខេត្តកំពត ធ្វើកិច្ចការងារ ដែលលោក អាឡិច ដាក់បណ្តឹង តាមរយ:មេធាវី។ យោងបទបញ្ជានោះ លោកស្នងការខេត្ត បានណែនាំឲ្យលោក ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះធ្វើកិច្ចការងារនេះជាបន្ទាន់។ បច្ចុប្បន្ន សំណុំរឿង បានប្រមូលគ្រប់ជ្រុងជ្រោយរួចរាល់ ហើយកំពុងដំណើរការ តាមនីតិវិធី ដើម្បីដាក់ចូលតុលាការ។
លោកស្នងការរង បានបញ្ជាក់ថាៈ ផ្អែកតាមការចុះស៊ើបអង្កេត រយ:ពេលពីរថ្ងៃ សមត្ថកិច្ច សន្និដ្ឋានបានថា តាមការស្រាវជ្រាវ និងពិនិត្យមើលអង្គហេតុ ឃើញថា ករណីនោះ មិនមានព្យសនកម្ម ដែលត្រូវចោទប្រកាន់ ពីបទប៉ុនប៉ងធ្វើឃាតទេ។ រឿងដែលដើមបណ្តឹង ចោទអំពីមានការកាន់ដំបង កាន់ដែកទីបនោះ គឺជាការចង្អុលបញ្ជាឱ្យលោក អាឡិច ចាកចេញ ព្រោះការចូលរុះរើខ្សែកាប ក្នុងដីលោក សេង ឃាន មិនបានសុំការអនុញ្ញាតពីម្ចាស់ទេ។ ការចូលទៅរុះរើនោះ បានធ្វើឲ្យខូចខាតផលដំណាំម្ចាស់ដី ទើបមានការខឹងសម្បារ រហូតកើតជាជម្លោះឡើង។
ចំណែកលោក សេង ឃាន និងអ្នកស្រី លឹម លីហ៊័ង បានបំភ្លឺថា រាល់ការចោទប្រកាន់របស់ ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក មកលើពួកគាត់ ជារឿងមិនពិតទាល់តែសោះ។ កន្លងមក លោកអាឡិច តែងរកលេសរំខាន ការរកស៊ីរបស់ពួកគាត់ មិនលោះពេលទេ។ កន្លែងរកស៊ី គឺជួលដីពីគេដូចគ្នា គឺលោកអាឡិច នៅកណ្តាល ឯពួកគាត់ នៅអមសងខាង។ ជនបរទេសម្នាក់នោះ តែងដាក់របស់របរបាំងផ្លូវ មិនឲ្យភ្ញៀវចេញចូលកន្លែងពួកគាត់ បានងាយស្រួលឡើយ។ ពេលខ្លះ កើតជម្លោះរហូតដល់លោកមេឃុំ បានសម្របសម្រួល ច្រើនលើកមកហើយ។
ប្តីប្រពន្ធទាំងពីរនាក់ បានបន្តថាៈ ខ្សែរ៉កសម្រាប់ភ្ញៀវជិះកម្សាន្តឆ្លងព្រែកនោះ គឺលោក អាឡិច បានជីកកប់ខ្សែកាបក្នុងដីរបស់ពួកគាត់ ដើម្បីទាក់ទប់ដើមឈើចងខ្សែរ៉កឲ្យរឹងមាំ។ លុះអំឡុងខែមីនា ឆ្នាំ២០២២ លោកអាឡិច បាននាំគ្នាសម្រុកចូលទៅរុះរើខ្សែកាប ដោយមិនបានសុំការអនុញ្ញាត ថែមទាំងធ្វើឲ្យបាក់មែក និងជ្រុះទុរេនអស់ជាច្រើនផ្លែ ទើបកើតជម្លោះនោះឡើង។
ទាំងពីរនាក់ប្តីប្រពន្ធ បានបញ្ជាក់ថាៈ ព្រោះតែរឿងនោះ ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក បានប្តឹងចូលជាច្រើនកន្លែង ដូចជា នគរបាលខេត្ត ប៉េអឹមខេត្ត នាយកដ្ឋានក្រសួងមហាផ្ទៃ ជាដើម។ ប៉ុន្តែរាល់ការកោះហៅ ដែលពួកលោកបានចូលទៅបំភ្លឺ ខាងលោក អាឡិច ព្យាយាមគេចមិនចូលដោះស្រាយ គ្រប់កន្លែងទាំងអស់។
លោក សេង ឃាន និងអ្នកស្រី លឹម លីហ៊័ង បានបន្តថាៈ ថ្មីៗនេះ លោកអាឡិច បានបង្ហោះ សារចោទប្រកាន់ ក្រុមគ្រួសារលោក ទាំងបំពាន។ ដូច្នេះសូមឲ្យស្ថាប័នមានសមត្ថកិច្ច ជួយរកយុត្តិធម៌ សម្រាប់ក្រុមគ្រួសារពួកគាត់ផង ព្រោះការអត់ធ្មត់ បានស្ថិតនៅជាប់ជាមួយ ក្រុមគ្រួសារពួកគាត់ យូរមកហើយ៕/V