ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកស្ទឹងពោធិសាត់ បានស្រកចុះវិញហើយ បន្ទាប់ពីបានឡើង ដល់កម្រិតកម្ពស់ ៥,៣៩ ម៉ែត្រ ធ្វើឱ្យមានការលិចលង់ផ្លូវកៅស៊ូ នៅក្នុងក្រុងពោធិសាត់រួច មក។ ជំនន់ទឹកភ្លៀង ដែលបានកើតមានលើខេត្តចំនួន ៧ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនបន្ត បន្ទាប់ រាល់ថ្ងៃ តែឥឡូវ បានធូរស្រាលវិញហើយ ទាំងអាកាសធាតុ និងជំនន់ទឹកភ្លៀងនោះ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថាៈ ទឹកស្ទឹងនៅក្រុងពោធិសាត់ បានស្រកចុះវិញហើយ បន្ទាប់ពីបានឡើងដល់កម្រិត ៥,៣៩ ម៉ែត្រ កាលពីម៉ោង ១២ យប់ថ្ងៃទី១៤ ខែកក្កដា។ ព្រឹកនេះ នៅសល់កម្ពស់ ៥ ម៉ែត្រ តិចតួច និងបន្តស្រកចុះជាលំដាប់។

ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ ជំនន់ទឹកស្ទឹងពោធិសាត់ ដែលហក់ឡើង ត្រឹមរយៈពេល ១៨ម៉ោង លើសពីកម្រិត ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ០,៣៩ ម៉ែត្រ បានធ្វើឱ្យលិចផ្លូវ នៅតាមមាត់ស្ទឹងខ្លះ រួចក៏ស្រកទៅវិញ ធ្វើឱ្យមានការប៉ះពាល់ខ្លះ ដល់ស្រុកកណ្តៀង ដែលនៅផ្នែកខាងក្រោម ជាប់នឹងបឹងទន្លេសាប។ ទឹកស្ទឹងវាលវែង និងក្រវាញ បានស្រក ដល់បាតស្ទឹងវិញអស់ហើយ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែកក្កដាថា ភ្លៀងធ្លាក់ច្រើនជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បង្កឱ្យមានជំនន់ទឹកភ្លៀង កើតឡើងលើខេត្តចំនួន ៧ ដូចជា ខេត្តព្រះសីហនុ កោះកុង ពោធិសាត់ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តមណ្ឌលគិរី តែមិនបានធ្វើឱ្យ មានការប៉ះពាល់អ្វីធំដុំទេ រួចហើយទឹក ក៏បានស្រកអស់ទៅវិញ។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ស្ថានភាពអាកាសធាតុ បានត្រឡប់មកល្អប្រសើរវិញហើយ ភ្លៀងជាទូទៅ នៅមានធ្លាក់ក្នុងកម្រិតពីតិចទៅ បង្គួរ តែសម្រាប់តំបន់មាត់សមុទ្រ ដូចជាខេត្តព្រះសីហនុ និងខេត្តកោះកុង នៅមានភ្លៀង ច្រើនទៀត។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដាថាៈ ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍នេះ ទទួលឥទ្ធិពល ជាបន្តបន្ទាប់ ដោយនៅ ថ្ងៃទី១៣ និង ១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាប សកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ ពីថ្ងៃទី១៥ ដល់ ១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។

ក្នុងសេចក្តីដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី២៣ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀង​ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមាមានពី៣១ទៅ៣៣ អង្សាសេ។នៅថ្ងៃទី១៣និង១៤ ខែកក្កដា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន​​ អាចបង្កជាជំនន់ទឹកភ្លៀង នៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ នៅអំឡុងពីថ្ងៃទី១៥ ដល់ ១៩ ខែកក្កដា នឹងអាចមានភ្លៀង ពីតិចទៅមធ្យម ៕/V-PC