ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាហែលទឹក ត្រូវបានកំណត់លើ ៤ ប្រភេទ ដូចជាហែលទឹក (Swimming) លោតទឹក (Diving) បាល់ទឹក (Water Polo) និងហែលពាក់ ជើងទា (Fin Swimming) បន្ទាប់ពីសម្រេចជាគោលការណ៍ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជា បានបញ្ចប់នោះ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក នៅក្នុងឱកាសបិទវគ្គបណ្តុះ បណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិត២ ដែលទើបតែបញ្ចប់នោះ។

ជាមួយនឹងការកំណត់ ៤ ប្រភេទ នៃកីឡាហែលទឹក បែបនេះ លោក ហែម គីរី បានអះអាងថា សហព័ន្ធ មានការងារជាច្រើន ដែលត្រូវធ្វើក្នុងពេលកម្ពុជា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយនៅសល់ពេល ប្រមាណ ១០ ខែទៀតប៉ុណ្ណោះ នឹងដល់ស៊ីហ្គេម។

លោកអគ្គលេខាធិការ បានស្នើឲ្យគ្រូបង្វឹក ចំនួន ២២ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះ
បណ្តាល កម្រិត២នេះ ខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយគប្បីយកចំណេះដឹងដែលទទួលបាន ពីគ្រូឧទ្ទេស កម្រិតអន្តរជាតិ ទៅជួយជ្រោមជ្រែង សហព័ន្ធខ្មែរកីឡាហែលទឹក ឲ្យបានខ្លាំងក្លា ដើម្បីរួមគ្នាសម្រេចនូវ កិច្ចការចម្បងរបស់ជាតិទាំងអស់គ្នា។

លោកបានមានប្រសាសន៍ថាៈ យើងមិនដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមនោះទេ ដូច្នេះភារកិច្ចនេះ គឺជាកិត្តិយស និងជាមោទកភាពជាតិយើងទាំងមូល។ យើងត្រូវខិតខំរួមគ្នាឲ្យបានល្អ ជាមួយនឹងការបង្ហាញ ទៅកាន់ឆាកអន្តរជាតិ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់គ្នាថា កម្ពុជា ពិតជាអាចធ្វើបាន។

តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត២នេះ លោកបានចាត់ទុកថា គឺជាការខិតខំប្រឹង ប្រែង យ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ និងការសម្របសម្រួល ផ្តល់គ្រូឧទ្ទេសអន្តរជាតិ ពីសហព័ន្ធកីឡាហែលទឹក អន្តរជាតិ (FINA) ក្រោមការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។

លោកសង្ឃឹមថាៈ គ្រូបង្វឹកទាំងអស់ នឹងយកចំណេះដឹងថ្មីៗនេះ ទៅអភិវឌ្ឍន៍សមត្ថភាព ផ្ទាល់ខ្លួន និងជួយពង្រឹងកីឡាករ កីឡាការិនី ហែលទឹក ឲ្យមានគុណភាពល្អៗ សម្រាប់ថ្ងៃ ខាងមុខផងដែរ។

ពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹកកម្រិត២ (FINA Swimming Coaches Certification Course-Coach Level2) ត្រូវបានប្រារព្ធឡើងក្រោមវត្តមាន លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។ វគ្គសិក្សានេះ ផ្តោតសំខាន់លើការត្រួតពិនិត្យ និងរៀបចំ អំពីផែនការហ្វឹកហាត់ បញ្ជាក់អំពី កាលវិភាគ នៃការសិក្សាវគ្គបណ្តុះបណ្តាល ការរៀបចំខ្លួន ក្នុងនាមជាគ្រូបង្វឹក សិក្សាស្វែងយល់ អំពីកាយសិរីសាស្រ្ត និងសរីរវិទ្យា (ធាតុផ្សំនៅក្នុងរូបរាងកាយ របស់មនុស្ស) សិក្សាអំពីវិទ្យាសាស្រ្តកីឡា នៅក្នុងប្រភេទកីឡា
ហែលទឹក, ការពិនិត្យលើទីលានហ្វឹកហាត់ និងអាងហែលទឹក, ការប្រមូលទិន្នន័យ ឱ្យបានគ្រប់ជ្រុងជ្រោយ, ការពិនិត្យលើការអភិវឌ្ឍរបស់កីឡាករ កីឡាការិនី តាមកម្រិតអាយុ ជាដើម៕/V-PC