ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាស ព័ត៌មានមួយ ពីការសាងសង់ស្ថានីយអង់តែន បន្ថែមចំនួន ១០០ ដើម្បីលើកកម្ពស់គុណភាព សេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ ដាច់ស្រយាល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួង ប្រៃសណីយ៍ បានឱ្យដឹងថាៈ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ទេសចរណ៍ ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិ ជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងដើម្បីពង្រឹងគុណភាព និងវិសាលភាពេសវា ទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយ អង់តែន ចំនួន ១០០ ដោយប្រើប្រាស់ថវិការបស់ មូលនិធិកាតព្វកិច្ច សេវាសកល។ ព្រមជាមួយគ្នា ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័ត ដើម្បីពង្រឹងគុណភាព សេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងដែរថាៈ សម្រាប់ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ គឺស្របនឹងយន្តការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារ ពង្រឹងគុណភាពសេវា នៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និង ក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវា នៅតាមបុរី ក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារ យ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវា នៅតាមភូមិសាស្ត្រទូទាំងប្រទេស ដើម្បីជំរុញ កាតព្វកិច្ច របស់ប្រតិបត្តិករ ក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឱ្យសេវា ទូរគមនាគមន៍ មានគុណភាព និងការគ្របដណ្ដប់ ឱ្យកាន់តែប្រសើរឡើង៕/V-PC