ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តី ជូនដំណឹងមួយ ដល់បងប្អូនកម្មករ និយោជិត ចំនួន ៩៧៤នាក់ នៃសហគ្រាស ទាំង១៣ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារស្របតាមស្មារតី ជុំទី៣ នឹងទទួលបានកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថាៈ ធនាគារ វីង នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទ ដែលបងប្អូន បានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល សហគ្រាស នាពេលកន្លងមក។

ក្រសួងការងារ បានឱ្យដឹងដែរថាៈ ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួវកិច្ចសន្យាការងារ ក្នុងនោះចំនួន ១២១.៥០០ រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង ១៦២.០០០ រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ជាមួយគ្នានេះ ក្រសួងបានរំឮកថាៈ ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិ បាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារ តាមទូរស័ព្ទពីធនាគារ វីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូន ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទ ដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។ សូមបញ្ចាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវា ទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករ និយោជិត ដែលបម្រើការងារ នៅសហគ្រាស ទាំង១៣ នេះ មិនបានទទួលសារទូរស័ព្ទ ពីធនាគារ វីង នោះ សូមបងប្អូនទំនាក់ទំនង សួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន៕/V-PC