ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក Muhd Zamri Dato Hamdani អនុប្រធានក្រុមប្រឹក្សា អូឡាំពិកជាតិ ព្រុយណេ បានសម្ដែងនូវសុទិដ្ឋិនិយមថា កម្ពុជាបានត្រៀមខ្លួនលើសពីការ រួចរាល់ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

លោក Muhd Zamri Dato Hamdani បានភ្ញាក់ផ្អើល ទៅនឹងការទទួលបដិសណ្ឋារកិច្ច ក្នុងកិច្ចប្រជុំ លើសពីនេះ លោកមានទំនុកចិត្តថាៈ កម្ពុជា រួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំក្រោយ ដោយអាស្រ័យលើ ហេដ្ឋារចនាសម្ព័ន្ធកីឡានានា ដែលបម្រើដល់ការប្រកួត។

លោក បាននិយាយថាៈ «ខ្ញុំពិតជាភ្ញាក់ផ្អើល ដែលកម្ពុជា បានទទួលបដិសណ្ឋារកិច្ច ក៏ដូចជា រៀបចំកិច្ចប្រជុំ ដ៏មានអត្ថន័យ។ ខ្ញុំដឹងថា នេះគឺជាលើកដំបូង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ដែលនឹងធ្វើឡើង នៅឆ្នាំក្រោយ ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចទីតាំងប្រកួតមួយចំនួន ដែលនឹងប្រើប្រាស់ សម្រាប់ការប្រកួតស៊ីហ្គេម ខ្ញុំគិតថា កម្ពុជា បានត្រៀមខ្លួនលើសពី ការរួចរាល់ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ។ ហើយបើក្រឡេកទៅមើល ទីតាំងប្រកួត កន្លែងស្នាក់នៅ ខ្ញុំគិតថា អ្នករួចរាល់មែនទែន ហើយយើងនឹងគាំទ្រគណៈកម្មការរៀបចំ ដើម្បីទទួលបានជោគជ័យ ស៊ីហ្គេម នៅឆ្នាំក្រោយ»។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចអនុម័តកីឡា ចំនួន ៣៩ ប្រភេទ បូកនឹងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ សម្រាប់ប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ស្របពេលជាមួយគ្នានេះ លោក Muhd Zamri Dato Hamdani បានសម្ដែងការកោតសរសើរ ទៅលើការដាក់បញ្ចូល ប្រភេទកីឡាច្រើនបែបនេះ និងត្រៀមបញ្ចូនអត្តពលិក មកចូលរួម ឲ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ដ្បិតឆ្នាំកន្លងទៅ គណៈកម្មាធិការជាតិ អូឡាំពិកព្រុយណេ បានបញ្ចូនអត្តពលិកក្នុងចំនួនមួយដ៏តិច។

លោកបានបន្ថែមថាៈ ព្រុយណេ ជាប្រទេសតូច មានប្រជាជនតិច ហើយវាជាប្រពៃណី ដែលព្រុយណេ តែងតែបញ្ចូនអត្តពលិក ចូលរួមប្រកួត ជាមួយនឹងចំនួនតិច។ ប៉ុន្តែនៅកម្ពុជា យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ចូនអត្តពលិក ឲ្យបានច្រើន ធៀបទៅនឹងស៊ីហ្គេម លើកមុន នៅប្រទេសវៀតណាម ដូចដែលបានដឹង អំឡុងពេលជំងឺរាតត្បាត វាពិតជាពិបាក ក្នុងការហ្វឹកហាត់ របស់អត្តពលិក និងការបញ្ចូនអត្តពលិកទៅប្រកួតក្រៅប្រទេស។

លោក Muhd Zamri Dato Hamdani បានបន្ដថាៈ នៅឆ្នាំក្រោយ ជំងឺរាតត្បាត នឹងបញ្ចប់ ដូច្នេះយើងអាចបញ្ចូន អត្តពលិកច្រើន មកចូលរួមស៊ីហ្គេម នៅកម្ពុជា៕/V-PC