ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានាព្រឹក ថ្ងៃទី១៥ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញលោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen)រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសបានស្នើ សុំសម្តេចតេជោ ហ៊ុន សែន ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជាជាពិសេសលើវិស័យពាណិជ្ជកម្មដើម្បីរក្សាសន្តិសុខស្បៀងនៅគ្រាពិភពលោកកំពុងប្រឈមនឹង បញ្ហាស្បៀងឡើងថ្លៃ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា៖លោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen)បានគោ រពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាពនិងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេសពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលកំពុងជ្រកកោននៅក្នុងប្រទេសបង់ក្លាដេសនិងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរអំពីស្ថានភាពសេដ្ឋកិច្ច,ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសបង់ក្លាដេស ។ ជាមួយគ្នានេះដែរលោក អេ ខេ អាប់ឌុល បានជម្រាបជូនសម្ដេចតេជោនូវគោលបំណងចង់ពង្រីកកិច្ចប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជាជាពិសេសលើវិស័យពាណិជ្ជកម្មដើម្បីរក្សាសន្តិសុខស្បៀងនៅគ្រា ពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ ។

ជាការឆ្លើយតបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក អេ ខេ អាប់ឌុល ម៉ូមិន ដែលបានជម្រាបជូនសម្តេចអំពីស្ថានភាពពាក់ព័ន្ធនឹងជន ភៀសខ្លួនរ៉ូហ៊ីងយ៉ា ,បញ្ហាសេដ្ឋកិច្ចនិងបញ្ហាកូវីដ១៩ ។ សម្តេចតេជោបានថ្លែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដេសនិងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ។

ពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសលើវិស័យពាណិជ្ជកម្មសម្ដេចតេជោបានស្នើឲ្យ លោក អេ ខេ អាប់ឌុល ម៉ូមិន លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា វិនិយោគលើម៉ាស៊ីនកិនស្រូវជាឃ្លាំងស្តុកស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករសម្រាប់ស្តុកទុកសម្រាប់កិននិងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសតែម្ដង ឬអាចរៀបចំសហការជាមួយនឹងប្រជាកសិករកម្ពុជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន ៕