ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រទី១៥កក្កដានេះបានប្រកាសអ្នកជំងឺកូវីដចំនួន២៣នាក់ទៀតបានស្លាប់និងមនុស្ស១.៧៩៥នាក់បានឆ្លងកូវីដ១៩ថ្មីនៅ២៤ម៉ោងកន្លងទៅ តែអ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមថៃនៅមន្ទីរពេទ្យធំមួយបាននិយាយថា ចំនួនឆ្លងពិតប្រាកដអាចដល់ទៅ៥០.០០០នាក់ឯណោះ។
ថៃកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសអ្នកស្លាប់ដោយកូវីដចំនួន២៨នាក់ និងអ្នកឆ្លងថ្មី២.២៥៧នាក់បានចូលសម្រាកនៅមន្ទីរពេទ្យ។
នីទីផាតាណា ឈីរ៉ាគុល(Nitipatana Chierakul) អ្នកជំនាញជំងឺផ្លូវដង្ហើមនៅមន្ទីរពេទ្យស៊ីរីរ៉ាច(Siriraj)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនឆ្លងប្រចាំថ្ងៃពិតប្រាកដអាចខ្ពស់ដល់ទៅ៥០.០០០នាក់ ។ទោះជាយ៉ាណា អ្នកជំងឺភាគច្រើនបង្ហាញរោគសញ្ញាស្រាលឬមិនបញ្ចេញរោគសញ្ញា។
សាស្ត្រាចារ្យនិងវេជ្ជបណ្ឌិត នីទីផាតាណា ដែលជាប្រធានផ្នែកជំងឺផ្លូវដង្ហើមនិងរបេងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រស៊ីរីរ៉ាច នៃសកលវិទ្យាល័យម៉ាហ៊ូដូល(Mahidol)បាននិយាយថា ពិចារណាលើការធ្វើតេស្តិ៍រហ័ស និងរបាយការណ៍ពីក្រសួងសុខាភិបាលចាប់ពីថ្ងៃ៣ដល់៩កក្កដា ការរកឃើញចំនួនឆ្លងតាមឧបករណ៍តេស្តិ៍រហ័សតែមួយអាចមានចំនួន២០.០០០នាក់ក្នុងមួយថ្ងៃ។
លោកបានបន្ថែមថា ដោយសារថៃបច្ចុប្បន្នស្ថិតក្នុងអន្តរកាលពីការដោះស្រាយអ្នកឆ្លងកូវីដ១៩ដោយប្រើប្រព័ន្ធគ្រប់គ្រងកណ្តាលមួយទៅកាន់ប្រតិបត្តិការសុខាភិបាលធម្មតា ដែលអ្នកជំងឺត្រូវព្យាបាលក្រោមកម្មវិធីសុខាភិបាលរបស់គេ អ្នកឆ្លងជំងឺនេះប្រចាំថ្ងៃប្រមាណមួយភាគបីមិនត្រូវបានរាយការណ៍ចូលក្នុងរបាយការណ៍ថ្នាក់ជាតិ។នេះមានន័យថា អាចមានអ្នកឆ្លងប្រមាណ៣០.០០០នាក់ទៀតតាមរយៈការធ្វើតេស្តិ៍រហ័សដោយខ្លួនឯងក្នុងមួយថ្ងៃៗ។
ដោយសារអ្នកជំងឺថ្មីបង្ហាញរោគសញ្ញាស្រាលឬមិនចេញរោគសញ្ញា ពួកគេភាគច្រើនមិនបានរាយការណ៍ទៅអាជ្ញាធរទេ។ជាលទ្ធផល ចំនួនឆ្លងសរុបក្នុងមួយថ្ងៃអាច៥០.០០០នាក់។
អ្នកជំនាញសុខភាពពីរនាក់ទៀតក៏បង្ហាញទស្សនៈស្រដៀងគ្នាផងដែរ។ពួកគេរួមមានលោក យ៉ុង ពូវ៉ូរ៉ាវ៉ាន(Yong Poovorawan) ប្រធានមជ្ឈមណ្ឌលវីរុសវិទ្យានៅសកលវិទ្យាល័យជូឡាឡុងកនដែលបានពណ៌នាការផ្ទុះកូវីដ១៩បច្ចុប្បន្ននៅថៃថាជារលកទីប្រាំមួយ។
លោកថាអូមីក្រុងបំប្លែងខ្លួនBA.5 ទទួលខុសត្រូវច្រើនចំពោះការផ្ទុះកូវីដនៅមួយរយៈពេលចុងក្រោយនេះ ហើយរំពឹងថានឹងកើនឡើងខ្ពស់នៅចុងខែកក្កដា ខែសីហាមុនពេលធ្លាក់មកវិញ។
វេជ្ជបណ្ឌិត ម៉ានូន លីចាវ៉េងវ៉ុង( Manoon Leechawengwongs) គ្រូពេទ្យរោគសួតនៅមន្ទីរពេទ្យឯកជនមួយបាននិយាយថា ចំនួនឆ្លងប្រកាសដោយក្រសួងសុខាភិបាលទាប ដោយសារតែក្រសួងរាប់យកតែអ្នកឆ្លងកូវីដតាមរយៈការពិនិត្យម៉ាស៊ីនធំRT-PCR។
សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩បង្ហាញខ្លួននៅក្នុងព្រះរាជាណាចក្រនេះកាលពីដើមឆ្នាំ២០២០ ថៃមានអ្នកកើតកូវីដ១៩សរុប ៤.៥៥៤.៩៧៦នាក់ ក្នុងនេះ៤.៤៩៩.៩៧៥នាក់បានជាសះស្បើយ និង៣០.៩៥៨នាក់បានស្លាប់៕