ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គោជល់មកពីកសិដ្ឋានចិញ្ចឹមសត្វមីអ៊ូរ៉ា (Miura)ដ៏គួរឱ្យគោរពរបស់អេស្ប៉ាញបានសម្តែងនៅក្នុងការរត់វគ្គផ្តាច់ព្រ័ត្រដ៏លឿននិងមិនស្មុគស្មាញនៅឯពិធីបុណ្យសានហ្វើមីន (San Fermín) ឆ្នាំនេះកាលពីថ្ងៃព្រហស្បតិ៍ទី១៤កក្កដា។
រដ្ឋបាលក្នុងតំបន់ណាវ៉ារ៉ា (Navarra) បាននិយាយថា មនុស្សប្រាំមួយនាក់ត្រូវបានព្យាបាលរបួសស្រាលបន្ទាប់ពីការរត់កាលពីថ្ងៃព្រហស្បតិ៍ដែលមានរយៈពេលជាងពីរនាទី។ ដំបូងឡើយកាកបាទក្រហមអេស្ប៉ាញបាននិយាយថា មនុស្សពីរនាក់ត្រូវការការព្យាបាល។
គ្មានករណីរបួសដោយសារស្នែងគោគាស់ណាមួយត្រូវបានរាយការណ៍នោះទេ ខណៈគោនៅមីអ៊ូរ៉ា ដែលល្បីខាងស្មារតីប្រុងប្រយ័ត្នខ្ពស់និងល្បឿនប្រតិកម្មរហ័សរបស់ពួកវាត្រូវបានរក្សាទុកជាចម្បងនៅក្នុងកន្លែងតូចមួយនិងមិនសូវបានកត់សម្គាល់ឃើញអ្នករត់ប្រណាំងនោះទេ នៅពេលពួកគេរត់ប្រជែងសំដៅទៅសង្វៀនគោជល់។
អ្នករត់ប្រណាំងម្នាក់បានរួចផុតពីរបួសធ្ងន់ធ្ងរ នៅពេលស្នែងគោមួយហាក់ទម្លុះផ្នែកខាងស្តាំនៃក្បាលរបស់គាត់ មុនពេលគាត់ដួលទៅដី។
ការរត់ប្រណាំងលើកទីប្រាំបីនិងលើកចុងក្រោយនៃពិធីបុណ្យនេះបានឃើញមនុស្សរាប់រយនាក់ ដែលភាគច្រើនជាបុរសនិងចូលរួមតិចជាងធម្មតាសាកល្បងភាពរហ័សរហួនរបស់ពួកគេដើម្បីអមដំណើរគោបាចំនួនប្រាំមួយក្បាលនិងការរត់កាច់ចង្កូតលឿនៗរបស់ពួកគេតាមបណ្ដោយផ្លូវប្រវែង ៨៧៥ ម៉ែត្រឆ្លងកាត់ទីក្រុងផាមផ្លូណា (Pamplona) ទៅកាន់សង្វៀនគោជល់របស់ទីក្រុង។ គោជល់ទាំងនោះនឹងត្រូវសម្លាប់ដោយអ្នកសម្លាប់គោអាជីពនៅយប់ថ្ងៃដដែល។
អ្នកទស្សនារាប់ម៉ឺននាក់ចូលរួមពិធីបុណ្យនៅទីក្រុងផាមផ្លូណា ដែលកត់ត្រាជាអមតៈនៅក្នុងរឿងប្រលោមលោក The Sun Also Risesឆ្នាំ ១៩៦២ របស់លោក អឺណេស ហេមីងវ៉េ (Ernest Hemingway)៕
អ្នកទស្សនារាប់ម៉ឺននាក់ចូលរួមពិធីបុណ្យរត់ប្រណាំងជាមួយគោជល់នៅទីក្រុងផាមផ្លូណាកាលពីថ្ងៃព្រហស្បតិ៍