ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្ត បុកជាមួយម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣០-៤០ ស្ថិតក្នុង ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៩និង៤៥នាទី យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ ជនរងគ្រោះមានឈ្មោះ ម៉ូង ម៉ុន អាយុ ៧០ ឆ្នាំ រស់នៅ ភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង។ បុរសម្នាក់នេះ បានបើកម៉ូតូ ពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្ដម៉ាក DEAWOO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៧៥៧៣ សណ្ដោងសឺមីរ៉ឺម៉ក គ្មានស្លាកលេខ (របស់ក្រុមហ៊ុនដឹកជញ្ជូន SP អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ គេចខ្លួន ក្រោយពេលកើតហេតុ) ដែលកំពុងបើកបរ ពីទិសខាងកើត​ ទៅខាងលិច បញ្ច្រាសទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗតែម្តង។

ប្រភពបានបន្តទៀតថាៈ ក្រោយកើតហេតុ មន្ត្រីជំនាញ បានមកវាស់វែង និងប្រគល់ សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង ពីរគ្រឿង យកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រពាំងគង រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC