ដោយៈ សរិទ្ធ / ភ្នំពេញ៖ បុរសម្នាក់​បានបើករថយន្តយ៉ាងលឿន ជ្រុលទៅបុកឡំប្រឺតា ពីក្រោយពេញទំហឹង ប៉ើងទៅផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យអ្នកបើកឡំប្រឺតា និងអ្នករួមដំណើរ រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-0241 (ដឹកបុរសម្នាក់ទៀត ជាភ្ញៀវអង្គុយ ពីក្រោយ) ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងកើត ទៅខាងលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បានបើករថយន្ត ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពត 2C-9929 បើកស្របទិសគ្នា មកពីក្រោយយ៉ាងលឿន បានជ្រុលទៅបុកឡំប្រឺតា ពីក្រោយ ប៉ើងទៅផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យអ្នក
បើកឡំប្រឺតា និងអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះ បន្ទាន់ភ្លាមៗ។ ចំណែកអ្នកបើករថយន្ត បានបើកទ្វាររត់គេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែង យករថយន្ត និងឡំប្រឺតា យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC