ដោយៈ សរិទ្ធ / ភ្នំពេញ៖ ទីតាំងលក់ឧបករណ៍ បារីអេឡិចត្រូនិក ចំនួន ៣ កន្លែង ត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្រ្កាប ដោយដកហូតបានឧបករណ៍ ចំនួន ៥.៤០០ ដើម និងទឹកថ្នាំចំនួន ១២.១៥០ ដប ព្រមទាំងឃាត់ខ្លួន អ្នកពាក់ព័ន្ឋចំនួន បីនាក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះថាៈ ប្រតិបត្តិការនេះ បានធ្វើឡើងលើគោលដៅចំនួន ៣ រួមមានៈ គោលដៅទី១: នៅចំណុច មុខផ្លូវប៉ុស្តិ៍ទូរទស្សន៍បាយ័ន សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ចែកចាយ), ទីតាំងទី២: នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បុរីប៉េងហួត (បឹងស្នោ) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ដាក់តាំងលក់ឧបករណ៍ បារីអេឡិចត្រូនិក) និងគោលដៅទីតាំងទី៣: នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត (បឹងស្នោ) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្តុកឧបករណ៍បារីអេឡិចត្រនិក)។

សមត្ថកិច្ច បានឱ្យដឹងដែរថាៈ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួន ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ភួង ចេងយី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ភាវ ផង់ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតយក ឧបករណ៍សម្រាប់ជក់ YOOZ (E.CIGARETTE) ចំនួន ៨៦ កេស ស្មើនឹង ៥.៤០០ ដើម និងទឹកសម្រាប់ជក់ YOOZ (E.CIGARETTE) ចំនួន ១០៥ កេស ស្មើនឹង ៤.០៥០ ប្រអប់ (១២.១៥០ ដប)។

បច្ចុប្បន្ន មនុស្សបីនាក់ ខាងលើ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា បញ្ឍប់ធ្វើអាជីវកម្ម និងបានអនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ។ ដោយឡែក វត្ថុតាងចាប់យក ត្រូវបានរក្សាទុក នៅមន្ទីរប្រឆាំងគ្រឿងញៀន រង់ចាំមានគោលការណ៍ ពីថ្នាក់ដឹកនាំ យកទៅបំផ្លាញចោល៕/V-PC